រយៈពេលពីរថ្ងៃនៃឱកាសឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរជិតមួយលាននាក់

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ — រយៈពេលពីរថ្ងៃនៃឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៩២១,៤០០ នាក់។

ឯកឧត្តម ថោង ខុន​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបចំនួន ៦៩៩,៧២៤នាក់ ក្នុងនោះភ្ញៀវ ជាតិមានចំនួន ៦៩៧,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៦៥៨ នាក់។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២១,៦៧៦ នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ២១៩,៣១៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៣៦៣ នាក់។ ប្រសិនបើ សរុបរយៈពេលពីរថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៩២១,៤០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីឆ្លងឆ្នាំសកលរួចហើយ ប្រជាពលរដ្ឋមួយចំនួន បានចេញដើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាទូទាំង ប្រទេស ខណៈប្រជាពលរដ្ឋមួយចំនួនដែលបានចេញដើរកម្សាន្តនៅតាមបណ្តារាជធានី-ខេត្ត នាយប់ឆ្លងឆ្នាំ ក៏បានបន្តដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន ហើយចរន្តភ្ញៀវទេសចរ នឹងបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍។

គោលដៅទេសចរណ៍នានា ពិសេសនៅតាមរណីយដ្ឋានទេសចរណ៍បានខិតខំអនុវត្តន៍ នូវប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ តាមរយៈការកំណត់សមត្ថភាពផ្ទុកអតិបរមា ស្របតាមស្តង់ដារគម្លាត សុវត្ថិភាព (១.៥០ម៉ែត្រ) ខណៈដែលកន្លែងខ្លះនៅមិនទាន់បានអនុវត្តន៍ ឱ្យបានពេញលេញ នៅឡើយ ពិសេសគោលដៅទេសចរណ៍ដែលមានលក្ខណៈបើកចំហ និងការប្រមូលផ្តុំច្រើន ដូចជានៅមាត់សមុទ្រជាដើម។

ពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ជាទូទៅមានភាពល្អប្រសើរ មិនមាន បញ្ហា ឬការរំខានណាមួយកើតឡើងគួរឱ្យកត់ សម្គាល់ទេសម្រាប់រយៈពេលពីរ ថ្ងៃកន្លងមកនេះ។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់ក្រុមការងារចុះពិនិត្យ និងណែនាំភ្ញៀវទេសចរ និងអាជីវករក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជាដើម៕

ដោយ ម៉ៅ ចរិយា

You do not have permission to write comment on this post.

Log in Register