អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ — លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ខែមករាឆ្នាំ២០២១នេះថា គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ លោកបន្តថា ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ 

លោកបានបង្ហាញនូវតឹកតាងមួយចំនួននៃវេលាយប់វែងជាងថ្ងៃ ដែលសាធារណជនគួរតោងចាប់អារម្មណ៍។ ក្នុងទំនៀមនៃព្រហ្មញ្ញសាសនា វេលាយប់គឺមានន័យថា សភាវៈអាក្រក់មានអំណាច ឬបារមីខ្លាំងជាងសភាវៈល្អ។ តួយ៉ាង ក្នុងវេលាយប់វែងជាងថ្ងៃ ដែលកើតមានចំថ្ងៃទី២១ ខែធ្នូ នោះ គឺពន្លឺនៅពេលព្រឹក បានចាំងលើរូបចម្លាក់ជាសភាវៈអាក្រក់ និងស្រមោលនៃសសរតាមថែវប្រាសាទ បាំងបិទលើចម្លាក់សំខាន់ៗដែលជាតួអង្គនៃសភាវៈល្អឬពពួកទេព ដែលជាអ្នកតាមដាន និងយល់ពីសារៈប្រយោជ៍នៃព្រឹត្តិការណ៍ខាងលើនេះ។

លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺកើតមានទាំងនៅថែវខាងកើតនាវេលាថ្ងៃរះ និងថែវខាងលិចនាវេលាពេលថ្ងៃលិច។ ព្រឹត្តិការណ៍នេះ នឹងផ្ទុយមកវិញនាថ្ងៃទី២១ ខែមិថុនា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលវេលាថ្ងៃវែងជាយប់វិញម្ដង។ លោកបានបន្ថែមថា អាថ៌កំបាំងដ៏អស្ចារ្យ ដែលសាធារណជនទូទៅមិនសូវចាប់អារម្មណ៍នេះ គឺជាចំណុចពិសេសមួយទៀតនៃប្រាសាទអង្គរវត្ត ក្រៅពីភាពថ្កុំថ្កើងនៃរចនាបថហើយនោះ។ បើតាមការ យល់ឃើញរបស់លោក អ៊ឹម សុខរិទ្ធី ព្រឹត្តិការណ៍នេះ មិនមែនជារឿងចៃដន្យនោះទេ តែវាជាការគុណគូរដ៏ត្រឹមត្រូវ និងច្បាស់លាស់ពីបុព្វបុរសជំនាន់នោះ ហើយបានរៀបចំត្រឹមត្រូវ មុននឹងឆ្លាក់ចម្លាក់រឿងរ៉ាវនានាតាមទីតាំងនីមួយៗ៕

ដោយ ឃុត សៅ រូបថត៖ អាជ្ញាធរជាតិអប្សរា

You do not have permission to write comment on this post.

Log in Register