សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជម្នះ ៧ មករា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១  — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២នៃថ្ងៃជ័យជម្នះ៧ មករា ហើយនៅ ថ្ងៃ ទី០ ៧ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបលេីកទី  ៤២ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ  និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។

នៅលើផេកផ្លូវការ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា របបដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនេះ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ សម្តេចតេជោក៏បានរម្លឹកផងដែរថា កាលពី ៤២ មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបានបំបិទមិនឱ្យមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹងគឺរង់ចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិ សេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប  និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត។ 

ក្នុងឆ្នាំសកលថ្មី ២០២១ នេះ សម្តេចតេជោក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហេីយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង  ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ  កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register