អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះចែកអំណោយសម្តេចតេជោ ហ៊ុន សែន ​ដល់​ពលករ​វិលត្រឡប់ពីថៃកំពុងធ្វើចត្តាឡីស័ក​នៅតាមមណ្ឌល

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធជំងឺកូវីដ១៩ បានបន្តចុះចែកអំណោយសម្តេចតេជោ​ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាដល់​បងប្អូនពលរដ្ឋ ដែលវិលត្រឡប់ពីប្រទេសថៃកំពុងធ្វើចត្តាឡីស័កនៅតាម មណ្ឌលនានាក្នុងខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍នោះ។

ក្នុងឱកាសចុះចែកអំណោយឧបត្ថម្ភ របស់សម្តេច​តេជោ ហ៊ុន សែន ដល់បងប្អូន ពលករដែល បាន និងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅ មណ្ឌលចត្តាឡីស័កកម្រិត២ ថ្នាក់ខេត្ត នៅកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន៥៨២នាក់ កាលពី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា សម្តេចតេជោ​ ហ៊ុន សែន លោកបានយកចិត្តទុកដាក់ខ្ពស់ណាស់ក្នុងការគិតគូរដោយជំរុញផ្តល់ការ ឧបត្ថម្ភទាំងថវិកាសម្រាប់ការហូបចុកនិងមានអំណោយជាកញ្ចប់ ឃីតសម្ភារៈប្រើប្រាស់ដល់ បងប្អូនពលករដែលធ្វើចត្តាឡីស័កដោយក្នុង​ម្នាក់ៗមានអាហារ បីពេលក្នុងមួយថ្ងៃ ឃីត ១កញ្ចប់ ,មី ​កញ្ចប់ និងទឹកបរិសុទ្ធវីតាល់។

ជាមួយនោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុម ប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត តំណាងឱ្យ ប្រជាពលរដ្ឋពិសេសបងប្អូនកំពុងធ្វើចត្តាឡីស័កសូមថ្លែងអំណរគុណ ចំពោះសម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ ការ ឧបត្ថម្ភជាបន្ទាន់នូវថវិកាសម្រាប់អាហារហូបចុក អំណោយកញ្ចប់ឃីត។​ ខ្ញុំបាទ តំណាងឱ្យប្រជាពលរដ្ឋទាំងអស់សូមគោរពដឹងគុណជានិច្ច ចំពោះទឹកចិត្តសប្បុរស​របស់ សម្តេចដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។ សូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងដែរថា គិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះនៅ​ ក្នុងខេត្តមានបងប្អូនពលករត្រឡប់មកពីប្រទេសថៃ បាន និងកំពុងធ្វើចត្តាឡីស័កចំនួន ៣៧៥៤នាក់ ស្រី១៦០២នាក់ ហើយក្នុងនោះមាន ​៨២៤នាក់ស្រី៣៦៨នាក់បានចេញ​ត្រឡប់ទៅផ្ទះវិញ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានបន្តធ្វើការអំពាវនាវយ៉ាងទទូចដល់​​ពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃមកវិញ ត្រូវតែធ្វើការពិនិត្យសំណាកធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឱ្យបានគ្រប់ៗគ្នាយ៉ាងហ្មត់ចត់ ច្បាស់លាស់ គោរពតាម ការណែនាំ និងអំពាវនាវរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅទប់ស្កាត់ការរីករាល​ដាលជំងឺកូវីដ១៩ចូល ក្នុងសហគមន៍ ខណៈដែលជំងឺ ដ៏កាចសាហាវនេះកំពុងរាតត្បាតយ៉ាង​ខ្លាំងនៅក្នុង ប្រទេសថៃនោះ៕

ដោយ ឈុន សារ៉ាត

You do not have permission to write comment on this post.

Log in Register