ក្រសួងបរិស្ថានបង្ហាញនូវមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស និង ដៃ​គូពាក់ព័ន្ធដែលបាន​ចូល​រួ​ម​អភិរក្សតំបន់ការពារធម្មជាតិក្នុ​ងឆ្នាំ​២០២០កន្លងមក

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១–ក្រសួងបរិស្ថានបង្ហាញនូវមោ​ទកភាព​ចំ​ពោះ​​​ម​ន្ត្រី​​ឧទ្យានុរក្ស សមាជិកនៃសហគមន៍​តំបន់ការពារធម្មជាតិ​និងអង្គការដៃ​គូទាំង​អស់​ដែ​ល បានចូលរួមការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០ កន្លងមក​នេះ​ជា​​​​​ពិសេសក្នុងការអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបា​នបទ​ល្មើ​សដែលបង្ក្រាប បាននៅឆ្នាំ២០២០ មានកំណើនចំនួន ៣៤៤២ករណី ឬកើនឡើងប្រមាណ ៣០ភាគរយ។

នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិ​ការនិ​ងជា​ម​ន្ត្រី​នាំ​ពា​ក្យ​ក្រ​សួ​ង​ប​រិស្ថាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយបានប​ង្ហាញពី​ប្រសិ​ទ្ធ​ភា​ព​កា​ន់​តែ​ខ្ព​ស់​នៃ​កា​រ​អ​នុ​វត្តច្បាប់ប្រឆាំងនឹងបទល្មើសក្នុង តំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨ កន្លែង ដែលស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យដឹងថា នៅពេញមួយឆ្នាំ ២០២០ មន្ត្រីឧទ្យា​នុ​រក្សទាំង ១២០០ នាក់នៃក្រសួងបរិស្ថានបានចុះល្បាត​សរុបចំនួន ២៧.៥៨៨ លើក ខណៈ​នៅ​ការចុះល្បាតនៅឆ្នាំ ២០១៩ មានចំនួន ២៤.០៤៨ លើក ពោ​លគឺ​មាន​កា​រ​ចុះ​ល្បា​ត​មា​ន​កា​រ​កើ​ន​ឡើងចំនួន ៣.៥៤០ លើក។

ក្នុងការចុះល្បាតនេះ មន្ត្រី ឧទ្យានុរក្សដែលជាមន្ត្រីនគរបាល យុត្តិធម៌​បាម​ប​ង្ក្រា​ប​ប​ទ​ល្មើ​​ស​បានចំនួន ៨.៩១៧ ករណី ខណៈឆ្នាំ ២០១៩ បង្ក្រាប​បាន​បទ​ល្មើ​ស​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​ចំ​នួ​ន ៥.៤៧៥ ករណីគឺមានការកើនឡើងចំនួន ៣.៤៤២ ករណី។ តាមការបញ្ជាក់ របស់​ឯ​ក​ឧ​ត្ត​ម​រ​ដ្ឋលេខាធិការក្រសួងបរិស្ថាន បទល្មើសដែល​បង្ក្រាបបា​នភាគ​ច្រើនជាប​ទល្មើសលួ​ចកា​ប់​ឈើ​ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងកា​រដា​ក់​អ​ន្ទា​ក់​ចា​ប់​ស​ត្វ​។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ការបង្ក្រាបនិងទប់ស្កាត់បទល្មើសមានការកើនឡើង បានបង្ហាញពីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងបង្ហាញពី​ការខិត​ខំរ​ប​ស់​ម​ន្ត្រី​ឧ​ទ្យា​នុ​រក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយមិនខ្លាចនឿយ​ហត់ក្នុង​ការ​ចុះ​ល្បា​ត​ការពារព្រៃឈើនិងជីវៈចម្រុះ»។

ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងថា នៅឆ្នាំ ២០២០ កន្លងទៅ សំ​ណុំ​រឿ​ង​បទល្មើសធនធាន​ធម្មជាតិដែលត្រូវបានប​ញ្ជូនទៅកាន់​តុលា​កា​រ​មា​នចំនួន ៦០៥ ករណី ហើ​យ​នៅឆ្នាំ ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ ករណី និង​ប​ទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន ២៩៤៦ ករណី។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រាបបទល្មើស នៅ​ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណាយន្តបានចំនួន ៤.០០៤ គ្រឿ​ង គឺមានការកើនឡើងប្រមាណ ៥០០ គ្រឿង ខណៈនៅឆ្នាំ ២០១៩ រណា​យ​ន្ត​ដែ​ល​ត្រូ​វ​បា​ន​រឹបអូសមានចំនួន ៣.៤៩៤ គ្រឿង។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ចំណែកអន្ទាក់ដែលត្រូវបាន ដោះបា​នចេញពីតំ​បន់​កា​រពារធម្មជាតិក្នុងឆ្នាំ ២០២០ មានចំនួន ៤៣.២៧០អន្ទាក់ គឺមានការកើនឡើងជិត ៤​០​០​០​​អន្ទាក់ ខណៈ នៅឆ្នាំ ២០១៩ កន្លងទៅ អន្ទាក់ដែ​លត្រូ​វបានមន្ត្រីឧ​ទ្យានុ​រក្សនិងសហ​គ​ម​​ន៍​តំ​ប​ន់ការពារធម្មជាតិដោះបានចំនួន ៣៩.៣៨២ អន្ទាក់។ នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន ២១៥ គ្រឿងដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១ គ្រឿង ព្រម​ទាំង​ម៉ូ​តូ​ចំ​នួន ៥៩០ គ្រឿងត្រូវបានដកហូតផងដែរ ។ មន្ត្រី​ឧទ្យានុរក្ស​ក៏បានដ​កហូតកាំភ្លើងកែច្នៃ​ដែ​ល​ប្រើ​សម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ ដើម និងដកហូតឈើបានចំនួន ២៧១​៨​ម៉ែ​ត្រ​គូ​ប​។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ជាមួយប្រសិទ្ធ​ភាពនៃកា​រអ​នុ​វ​ត្ត​ច្បា​​ប់​នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើ​លព្រៃឈើ​ខ្នា​ត​តូ​ច​ដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបប​ទល្មើ​ស​បន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិដែល​កម្ពុជានៅមាននេះឱ្យ​បា​ន​គង់​វ​ង្ស​ស​ម្រា​ប់មនុស្សរាប់ជំនាន់ទៅមុខទៀត»៕ ដោយ ៖ គង់ សិរីរ័ត្ន, រូបថត ៖ ក្រសួងបរិស្ថាន

You do not have permission to write comment on this post.

Log in Register