ធនាគារជាតិនៃកម្ពុជា ជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ –ធនាគារជាតិនៃកម្ពុជា បានជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ដែលបានរួមចំណែកជំរុញកំណើន និងរក្សា ស្ថិរភាពសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាល​ដាលនៃ​ជំងឺកូវីដ-១៩។ ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ ងារប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបានក្នុងរយៈពេលកន្លងមក។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។

បើតាមធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា The Banker បានវាយតម្លៃខ្ពស់ថា ក្រោម ការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ធនាគារជាតិនៃកម្ពុជាទទួលបាន​ជោគជ័យ​ក្នុង​ការ គ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភព​លោក កំពុងជួបនឹងវិបត្តិ នៅឆ្នាំ២០២០ កន្លងទៅ។ បើតាម The Banker បានកត់សម្គាល់ថា កម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

តែទោះយ៉ាងណា កម្ពុជាក៏បានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ​នៃចំណូលវិស័យទេសចរណ៍ និងបានទទួលរងគ្រោះទឹកជំនន់រយៈពេលខ្លី។ កំណើន​សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងអាចធ្លាក់ចុះដល់ -១,៩ភាគរយ នៅឆ្នាំ២០២០។ ទន្ទឹមនេះ ដើម្បីចូល​រួមកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះ និងបញ្ហាប្រឈមទាំងនេះ ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ​២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។ ការរៀប​ចំឥណ​ទានឡើងវិញត្រូវបានអនុញ្ញាតរហូតដល់ទៅបីដង ដោយមិនមានប៉ះពាល់ដល់ចំណាត់​ថ្នាក់ឥណទាននោះទេ។

ជាមួយគ្នានេះ ចំពោះបទប្បញ្ញត្តិបន្ថែមរួមមាន ការកាត់បន្ថយអត្រាការប្រាក់ និង​ការ​លើកលែងថ្លៃសេវា ជាដើម ដែលការដាក់ចេញនេះ​បានធ្វើឱ្យឥណទានមិនដំណើរ​ការស្ថិតក្នុងកម្រិតទាប ២,៥ភាគរយ។ ទន្ទឹមនេះ កម្ពុជាក៏បានជំរុញការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ធនាគារឌីជីថល។ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង កាលពីខែតុលា ឆ្នាំ២០២០ ដែលបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយសារមានក្រុមហ៊ុនឯកជនជាច្រើនបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួនជាសាច់ប្រាក់នៅឡើយ។ ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចធ្វើប្រតិបត្តិការទូទាត់បានទាំងជាប្រាក់រៀល និងប្រាក់ដុល្លារអាម៉េរិក តាមរយៈ​ទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដ ឬវាយបញ្ចូលលេខទូរស័ព្ទ​របស់​អ្នក​ទទួលប្រាក់។ ប្រព័ន្ធបាគងមានសមាជិកប្រមាណ ២០ធនាគារ។ ម៉្យាងទៀត រូបិយវត្ថុ​ជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំងក្លាផងដែរ សំដៅជំរុញកំណើនប្រកប​ដោយ​ចីរភាព និងអភិវឌ្ឍន៍ប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយ​ការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។

បើតាមធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ន ការទូទាត់ដែលមានទឹកប្រាក់​តិចជាង១០០ដុល្លារអាម៉េរិក ត្រូវបានធ្វើឡើងជាប្រាក់រៀល ខណៈដែលការប្រើប្រាស់​ក្រដាស់ប្រាក់ដុល្លារអាម៉េរិកដែលមានទំហំទឹកប្រាក់តូចបានថយចុះជាបណ្តើរៗ៕

ដោយ៖ រិទ្ធី

You do not have permission to write comment on this post.

Log in Register