សម្ដេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវសារជាថ្មីម្ដងទៀតឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវសារជាថ្មីម្ដងទៀតឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹង និងចូលរួមប្រឆាំងទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចឆ្លងក្នុងសហគមន៍នោះ។

ក្នុងសារលិខិតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសពីធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យស្ថាប័នសារព័ត៌មាន និងអ្នកយកព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបនិងបំផ្លាញចោលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម និងពង្រឹងសមត្ថភាពខាងវិជ្ជជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី ព្រមទាំងចេះបន្សាំខ្លួនក្នុងការរស់នៅ និងការបំពេញការងារតាមគន្លងថ្មី ដើម្បីការពារនិងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗទៀត ដែលអាចកើតមាននាពេលអនាគត។ ក្នុងសារលិខិត សម្ដេចតេជោបានរម្លឹកផងដែរថា នៅក្នុងជំនួបលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មាន រាជរដ្ឋាភិបាលបានផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មានតាមការស្នើសុំរបស់ស្ថាប័នសារព័ត៌មាន ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន។ ប៉ុន្តែរាជរដ្ឋាភិបាល នឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសង្គមឡើយ។ សម្តេចតេជោបានបញ្ជាក់ថា កន្លងមក សម្តេចបានលើកឡើងហើយថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងដ៏កាចសាហាវ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម គឺវាកាចសាហាវឆ្លងលឿនជាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទៅទៀត ដែលទាមទារឱ្យរាជរដ្ឋាភិបាលចាត់វិធានការចាំបាច់ ដើម្បីការពារសេចក្ដីសុខសាន្តរបស់ប្រជាជន និងការថែរក្សាសន្តិភាព ការអភិវឌ្ឍនៅកម្ពុជា។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសូមអធ្យាស្រ័យចំពោះបងប្អូនអ្នកសាព័ត៌មានទាំងអស់ ដែលឆ្នាំនេះ រាជរដ្ឋាភិបាលមិនអាចរៀបចំពីធីជួបជុំរវាងប្រុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជាដូចឆ្នាំកន្លងទៅ ដោយសារការរីករាលដាលឆ្លងជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងគំរាមកំហែងដល់សុខភាពសាធារណៈ សេចក្ដីសុខសាន្ត និងអាយុជីវិតប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងសកលលោក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ទាក់ទង នឹងការវិវត្តនៃជំងឺកូវីដ-១៩ និងសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់និងនៅលើសកលលោកទាំងមូល ជាពិសេសការផ្សព្វផ្សាយវិធានការបន្ទាន់ទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីរាលដាលនៃជំងឺកូវីដ-១៩ បានរហ័សទាន់ពេលវេលា ប្រកបដោយការទទួលខុសត្រូវតាមវិជ្ជាជីវៈ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register