គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិចេញផែនការណែនាំស្ដីពីការរៀបចំពិធីបុណ្យមាឃបូជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២១–ដើម្បីញ៉ាំងពិធីបុណ្យមាឃបូជាឱ្យប្រ​ព្រឹ​ត្ត​ទៅបានយ៉ាង​មហោឡារិក និង​ ឆ្លើយតប​ឱ្យ​បាន​សមស្របទៅតាម​គោលការណ៍របស់រាជរដ្ឋា​ភិបាល​ និង ​វិធានការ​ការពាររបស់​ក្រសួង​សុខាភិបាល​ គណៈកម្មាធិការ​ជាតិរៀបចំបុ​ណ្យ​ជាតិ-អន្តរជាតិបាន​ដាក់ចេញនូវផែនការ​ណែនាំ​ស្តីពីពិធីបុណ្យនេះ​ដល់​ក្រសួង​ និង​ ស្ថាប័នដែល​ពាក់ព័ន្ធ ដូចជា ក្រសួងព្រះបរមរាជវាំង ក្រសួង​ធម្មការ និង ​សាសនា ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ និង ​វិចិត្រសិល្បៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​ និង​ហិរ​ញ្ញ​វត្ថុ ក្រសួង​មហាផ្ទៃ ក្រសួង​ការពារជាតិ និង​រដ្ឋបាល​ខេត្ត​-រាជធានី។

យោងតាម​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹ​ង្គារ គង់ សំអុល បាន​ឱ្យដឹងថា​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជានឹង​ចាត់ចែង​រៀប​ចំពិធីបុណ្យនេះ​នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញា​ឮ ខេត្ត​កណ្តាល រយៈពេល​ពីរថ្ងៃ គឺចាប់ពីថ្ងៃព្រហស្បតិ៍ ១៥កើត​ រហូតដល់​​ថ្ងៃសុក្រ ១រោច ខែ​មាឃ ឆ្នាំ​ជូត ទោស័ក​ ព.ស. ២៥៦៤ ត្រូវនឹង​ថ្ងៃទី២៨ និង​២៩ ខែ​មករា ឆ្នាំ​២០២១។

លិខិត​នោះ​បាន​បញ្ជាក់បន្ថែមទៀតថា គណៈកម្មាធិការ​ជាតិរៀបចំបុណ្យជាតិ-អន្តរជា​តិ​ត្រូវសហការជាមួយក្រសួង​ រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង​រដ្ឋបាលរាជធានី ខេត្ត​ពាក់ព័ន្ធ​​ ចាត់តាំង​រៀបចំពិធីបុណ្យនេះជាផ្លូវការ​នៅក្នុង​បរិវេណភ្នំព្រះរាជទ្រព្យ។

ទន្ទឹមនឹងនេះ​ ក្រសួង​ព្រះបរមរាជវាំង​នឹង​ចាត់តាំង​ព្រះរាជពិធីបុណ្យមាឃបូជានៅក្នុ​ង​​​ព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និង​តាមការសព្វព្រះរាជហឫទ័យ​របស់​ព្រះមហាក្ស​ត្រ​​​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ ជាមួយគ្នានេះដែរ ក្រសួង​ព័ត៌មាន​ត្រូវ​ចាត់តាំង​បណ្តាញ​វិ​ទ្យុ ទូរទស្សន៍ជាតិ​ និង​ឯកជន​ ឱ្យចុះយកព័ត៌មាន​ដោយ​ច្នៃប្រឌិត​ធ្វើការ​ផ្សព្វផ្សាយ​មុន-ក្រោ​យ​ និង​ក្នុង​ពេល​ប្រារព្ធពិធីបុណ្យ​ ព្រមទាំង​ចាត់តាំង​ឱ្យមាន​ការ​ផ្សព្វផ្សាយ​ធម្មទេសនា​ អំពីប្រ​វត្តិ​នៃ​ពិធីបុណ្យមាឃបូជានេះ​ឱ្យបាន​ទូលំទូលាយ​។

ដោយ​ឡែក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​តួនាទីចាត់តាំង​កម្លាំង​សិស្សសូត្រ​ប​ទ​នគររាជ​ គោរពទង់ជាតិ​ និង​បទសរភញ្ញ គោរពទង់ព្រះពុទ្ធសាសនា ព្រមទាំង​នារី​ស​ម្រា​ប់​​​ស្មូតក្នុង​ពេលរាប់បាត្រ​ ដោយ​ត្រូវអនុវត្ត​វិធានការការពារ​នានារបស់ក្រសួង​សុខាភិបាល​ គឺ​ត្រូវពាក់ម៉ាស់​ ធ្វើការ​វាស់កម្ដៅ រក្សាគម្លាត​សុវត្ថិភាព។ ជាពិសេស​ក្រសួង​មហាផ្ទៃ​ និង​ក្រ​សួ​ង​ការពារជាតិ​ ណែនាំ​ដល់​អង្គភាពក្រោម​ឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ​ របៀបរៀ​បរយ សណ្តាប់​ធ្នាប់​សង្គម​ ចរាចរណ៍ ធានាសុវត្ថិភាព​ក្នុង​ពិធីបុណ្យ​គ្រប់ទីកន្លែង​ ទាំងនៅ ព្រះ​មហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ និង​នៅគ្រប់ខេត្ត​។

លើសពីនេះទៀត​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហរិញ្ញវត្ថុ​ត្រៀម​លក្ខ​ណៈ​ដោះស្រាយ សម្ភារ ថវិកា សម្រាប់​បម្រើការរៀប​ចំពិធីបុណ្យមាឃបូជា​ឱ្យ​បាន​សមស្រប​​តាម​សំណូមពរ។ ចំណែកឯ រដ្ឋបាល​ខេត្តកណ្តាល​ត្រូវសហការជាមួយ​គណៈកម្មាធិការ​ជា​តិ​រៀបចំបុណ្យជាតិ-អន្តរជាតិ​ រៀបចំពិធីបុណ្យ​ ចាត់ចែង​និមន្តព្រះសង្ឃ អញ្ជើញ​មន្ត្រីរាជ​ការ​ សីលវន្ត​ សីលវតី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស​ចូលរួម ដោយ​អនុ​វត្ត​តាម​គោលការណ៍របស់​រាជរដ្ឋាភិបាល​ និង​វិធានការការពារ​របស់​ក្រសួង​សុខាភិបាល​ ​និង​ចាត់​តាំង​កម្លាំង​សម្អាតទីតាំងប្រារព្ធពិធីបុណ្យ​ តុបតែង​លម្អតាម​ដងផ្លូវ​ និង​កម្លាំង​កា​រ​ពា​ររក្សា​សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ មុន-ក្រោយ​ និង​ក្នុង​ពេលប្រារព្ធពិធីបុ​ណ្យ​​ ធានា​ឱ្យបាន​សុវត្ថិភាពល្អប្រសើរ​ ហើយ​រដ្ឋបាលខេត្តនីមួយៗត្រូវ​រៀប​ចំ​ប្រារព្ធពិធីបុ​ណ្យ​​នេះ​ជា​ផ្លូវការនៅទីវត្តណាមួយ​ក្នុង​មូលដ្ឋាន​ដែល​នឹង​អាចដំណើរការបាន​។

គណៈកម្មាធិការ​ជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ​បាន​គូសបញ្ជាក់នៅក្នុង​លិខិត​របស់​​ខ្លួនថា គណៈកម្មាធិការ​សង្ឃឹមថា​ថ្នាក់​ដឹកនាំ​គ្រប់ក្រសួង​ រដ្ឋលេខាធិការដ្ឋាន​ ស្ថាប័ន និង​​រដ្ឋបាល​រាជធានី-ខេត្ត​ នឹង​រៀបចំចាត់តាំង​អនុវត្ត​ផែនការណែនាំ​នេះ​ឱ្យបាន​សម្រេច​លទ្ធ​ផលល្អប្រសើរ។

សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជា គឺជាបុណ្យមួយ​ក្នុង​បណ្ដាបុណ្យធំៗទាំងឡាយ​ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កាន់ព្រះពុទ្ធសាសនា​លើ​សកលលោក​តែងតែ​ប្រារព្ធ​ធ្វើពុំដែ​លខាន​។ ពិធីបុណ្យនេះ​ធ្វើឡើង​ដើម្បី​រំលឹកដល់​អភិលក្ខិតសម័យទាំងពីរ​នៃ​សាសនា​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូដែលកើតឡើង​នៅថ្ងៃពេញបូណ៌មីខែមាឃដូចគ្នា​ គឺ​ថ្ងៃប្រជុំ​ចតុ​រង្គសន្និបាត​ និង​ថ្ងៃ​ដែល​ព្រះអង្គទ្រង់ប្រកាស​ដាក់ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំ​ ពុទ្ធសា​ស​និកខ្មែរ​តែងតែប្រារព្ធពិធីបុណ្យនេះ​នៅគ្រប់វត្តអារាម​ទូទាំងប្រទេស​ ដោយ​ចាត់ទុកថា​ជាកា​របំពេញកុសលដ៏ថ្លៃថ្លាបំផុត​៕

ដោយ ទេស ច័ន្ទសុធារី

You do not have permission to write comment on this post.

Log in Register