អ្នកនាំពាក្យក្រសួងសុខាភិបាល បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានសុខាភិបាល ក្នុងថ្ងៃខួប១ឆ្នាំ នៃការរកឃើញវីរុសកូវីដ-១៩ ដំបូងនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានសុខាភិបាល ជាពិសេសគឺអនុវត្តអភិក្រម ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

លោកជំទាវវេជ្ជបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ៖ «ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ គឺជាខួប១ឆ្នាំ នៃការរកឃើញដំបូងវីរុសកូវីដ-១៩ នៅកម្ពុជាយើង លើបុរសជនជាតិចិន ក្នុងខេត្តព្រះសីហនុ។ ដូច្នេះដូចបងប្អូនឃើញស្រាប់ហើយ ក្នុងរយៈពេល១ឆ្នាំនេះ ចាប់ពីករណី ០១នាក់ ដំបូង ហើយគិតរហូតមកដល់ពេលនេះ យើងរកឃើញ ៤៦០នាក់ ហើយដែលបានឆ្លងវីរុសនេះ ដែលនេះគឺជាចំនួនច្រើនសម្រាប់កម្ពុជាយើង ប៉ុន្តែយើងបានព្យាបាលជាសះស្បើយចំនួន ៤២៣នាក់ ទាំងនេះបានបង្ហាញពីការគ្រប់គ្រងការឆ្លងរាលដាលបានយ៉ាងល្អ ទាំងប្រព័ន្ធតាមដាន រុករក ព្យាបាល។ល។ ទោះជាយ៉ាង ខ្ញុំក៏នៅតែអំពាវនាវហើយអំពាវនាវទៀត គឺសូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសមួយពេលណាឱ្យសោះ»។

លោកជំទាវបានបញ្ជាក់បន្ថែមថា ការបន្តអនុវត្តនេះ គឺដើម្បីការពារខ្លួនឯង ការពារក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិខ្លួនឯងផង ដោយចាប់ផ្តើមពីខ្លួនឯងផ្ទាល់។

ដោយឈរលើមូលហេតុនៃការរកឃើញជាបន្តបន្ទាប់លើអ្នកដំណើរមកពីក្រៅប្រទេស ក៏ដូចជាបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ លោកជំទាវ ក៏បានស្នើឱ្យបងប្អូនបន្តអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត គឺគ្រប់ចំនួន១៤ថ្ងៃ ហើយកុំព្យាយាមរត់គេចពីការធ្វើចត្តាឡីស័កនេះ ពីព្រោះថានេះគឺជាការចូលរួមដ៏សំខាន់ពីបងប្អូនអ្នកដំណើរ។ ការអនុវត្តវិធានចត្តាឡីស័កបានត្រឹមត្រូវ គឺជាការជួយខ្លួនឯង ជួយសុខភាពខ្លួនឯង និងជួយទប់ស្កាត់ការចម្លងពីបុគ្គលទៅបុគ្គល បុគ្គលទៅក្រុមគ្រួសារ ក៏ដូចជាពីបុគ្គលទៅសហគមន៍រស់នៅផងដែរ។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់បំផុតដល់ជីវភាពបងប្អូនដែលកំពុងចត្តាឡីស័ក ដោយការឧបត្ថម្ភថវិកា សម្ភារ និងថ្នាំពេទ្យ របបអាហារ ។ល។ ដល់បងប្អូនពលករទូទាំងប្រទេស ដែលកំពុងចត្តាឡីស័ក ដូច្នេះសូមបងប្អូនគ្រាន់តែអនុវត្តឱ្យបានត្រឹមត្រូវប៉ុណ្ណោះ ដោយកុំបារម្ភពីបញ្ហាក្នុងអំឡុងពេលចត្តាឡីស័កនោះ។

ដោយឡែកពាក់ព័ន្ធនឹងការចាក់សាំងវិញនោះ លោកជំទាវវេជ្ជបណ្ឌិត បានណែនាំថា ការចាក់វ៉ាក់សាំងដែលកម្ពុជាទទួលបាននៅពេលខាងមុខជាអំណោយចិននោះ រួមទាំងការទិញរបស់កម្ពុជាខ្លួនឯងតាមរយៈយន្តការ COVAX គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយនោះគឺជាការបំពេញបន្ថែមលើវិធានការ០៣ការពារ និង០៣កុំ៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register