ក្រុមបឹងកេត ស្ថិតនៅក្នុងពូល G ពានរង្វាន់ AFC Cup 2021

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ — ឆ្លងកាត់ការចាប់ឆ្នោតចែកពូល នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបង្ហាញថា ក្រុមបឹងកេត ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជាស្ថិតនៅក្នុងពូល G ជាមួយ៣ក្រុមផ្សេង ទៀត នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC CUP រដូវកាល ២០២១។ ក្រុមបឹងកេតត្រូវជួបប្រកួតជាមួយ Hanoi FC របស់វៀតណាម និងក្លឹប Bali United របស់ឥណ្ឌូណេស៊ី ហើយត្រូវរង់ចាំក្រុមឈ្នះមួយក្រុមទៀតមកពីវគ្គជម្រុះ Play-off (PO1)។

លោក បែ មករា អ្នកចាត់ការបឹងកេតនិយាយថា បើយើងមើលទៅលើប្រវត្តិ និងកម្រិតប្រកួតប្រជែងរបស់ក្រុមទាំងពីរកន្លងមក អាចចាត់ទុកថា Hanoi FC ក៏ដូចជា Bali គឺជាក្រុមខ្លាំង។ ដូច្នេះទើបអ្នកគាំទ្រយើងគិតថា ជាពូលមរណៈ។ សម្រាប់យើង យើងនឹងតាម ដានលើបច្ចុប្បន្នភាពរបស់ក្រុមទាំងនោះថាតើគេមានការផ្លាស់ប្ដូរកីឡាករ ឬវិវឌ្ឍកម្រិត គុណភាព សមត្ថភាពប៉ុណ្ណានោះទេ ដោយក្រុមការងារបច្ចេកទេសរបស់ខ្លួនកំពុង សិក្សាលើ ក្លឹបធំៗទាំងនេះ។

សូមបញ្ជាក់ថា ពានរង្វាន់ AFC Cup ឆ្នាំ២០២១ មានក្លឹបចំនួន៣៩ ចូលរួម ប្រកួតប្រជែង ដោយត្រូវបានចែកចេញជា១០ពូល សម្រាប់ ពោលគឺមានការកើនឡើងចំនួន ៣ ចាប់ពីឆ្នាំ២០១៩ តទៅជាមួយក្រុមដែលទើបបង្កើតថ្មី សម្រាប់តំបន់កណ្តាល។ AFC Cup នេះត្រូវប្រកួតតែ១ជើងប៉ុណ្ណោះ នៅទឹកដីកណ្ដាលមួយ ចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ក្រៅពីបឹងកេត ក្លឹបកម្ពុជាក៏នៅមានជើងឯកពានសម្ដេចតេជោ វិសាខា មួយទៀតដែរ ដែលត្រូវប្រជែងវគ្គ Play-off ពានរង្វាន់ AFC Cup គឺក្រុមវិសាខា ដោយត្រូវការ ឈ្នះក្លឹប Lalenok United នៃប្រទេសទីម័រខាងកើតជាដាច់ខាត ដើម្បីដណ្ដើមឱកាសទៅ វគ្គចែកពូលជាមួយពីក្លឹប Persipura Jayapura នៃប្រទេសឥណ្ឌូណេស៊ី៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register