សម្តេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យមើលដំណើរការការដ្ឋានស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងទេសចរណ៍សៀមរាប

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២១ — សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធាន​គណៈកម្មការអន្តរក្រសួងបានបានចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវ៣៨​ខ្សែនៅ​ ក្រុងសៀមរាប ខេត្ដសៀមរាបនៅ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់​ការ​ដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការរបស់ខ្លួនប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយ​អនុវត្តន៍​តាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹង​មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការ ដែល​បាន​គ្រោងទុក។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួងបានបង្ហាញថា តាមរបាយការណ៍​ដែល​ទទួលបានពីបណ្តាអង្គភាពសាងសង់ទាំងអស់ ចាប់គិតពីថ្ងៃបើកការដ្ឋាន រយៈពេល​ជិត២ខែ ដោយគិតត្រឹមសប្ដាហ៍ទី៤ ខែមករានេះ គឺលទ្ធផលការងារជារួម សម្រេចបាន​ជាង១៧,៥ភាគរយ ក្រោមកិច្ចដំណើរការ ចំនួន៨ នៃអង្គភាពប្រតិបត្តិការណ៍។ ឯកឧត្ដម ទេសរដ្ឋមន្រ្ដីបានបន្ដថា ក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ គឺការយកចិត្តទុកដាក់​តាម​ដានការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ដែលតម្រូវឱ្យមានការគោរពតាម​បទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុល​ឡើងវិញ ដែលនាំឱ្យខាតបង់ថវិកា និងពេលវេលា។

ជាមួយគ្នានេះដែរ ការភ្ជាប់នៅក្នុងគម្រោងនេះដែរ រួមមានការរៀបចំលើគ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ស្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ការធ្វើសួន និងដាំដើមឈើ។ ចំពោះគម្រោង​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ មានប្រវែងសរុបជាង១០៨ គីឡូម៉ែត្រ ប្រើប្រាស់​ដោយថវិកាជាតិប្រមាណជាង ១៤០ លានដុល្លារអាម៉េរិក និងថវិកាប្រមាណជាង៩លាន​ដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និង​ទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ ចំពោះការសាង់សង់គឺមាន​រយៈពេល១៣ខែ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

សូមបញ្ជាក់ផងដែរថា លើសពីការស្ថាបនាផ្លូវ ៣៨ខ្សែនេះ សម្តេចតេជោ ប្រមុខ​ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឱ្យមានការស្ដារកែលម្អធ្វើឱ្យប្រសើរឡើង​វិញ ដងស្ទឹងសៀមរាបប្រមាណជាង៨គីឡូម៉ែត្រ អនុវត្តន៍ដោយអគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភណ ភាព​បន្ថែមទៀត ស័ក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវ៉ៃ នាពេលអនាគត ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

ដោយ ឃុត សៅ រូបថត៖ ក្រសួងសាធារណការ

You do not have permission to write comment on this post.

Log in Register