រដ្ឋមន្រ្ដីក្រសួងព័ត៌មានលើកទឹកដល់អ្នកនិពន្ធសៀវភៅសម្ដេច ហ៊ុន សែន កំពូល​ស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជាបន្តរៀបចំចងក្រងនូវស្នាដៃឱ្យបានច្រើនបន្ថែមទៀត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ –ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានជំរុញលើកទឹកចិត្តឱ្យ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអ្នកនិពន្ធសៀវភៅ ដែល មានចំណងជើងថា “សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់​កម្ពុជា” សៀវភៅ “សម្ដេច ហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាស់ទិសប្រយុទ្ធ COVID-19” និងសៀវ ភៅ “ទឹកចិត្តអ្នកជួយសង្គ្រោះ” ក៏ដូចជាអ្នកនិពន្ធសៀវភៅដទៃទៀត បន្តរៀបចំចង​ក្រងនូវ ស្នាដៃឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីទុកជាផលប្រយោជន៍សម្រាប់​អ្នក​សិក្សាស្រាវ ជ្រាវ និងសាធារណជនទូទៅ ក្នុងការស្វែងរកការអានសៀវភៅ និងយល់ដឹងឱ្យ​បានទូលំ ទូលាយទាំងអស់គ្នា។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាស​អនុញ្ញាត​ឱ្យ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាសមាជិក សមាគមអ្នកនិពន្ធខ្មែរ ចូលជួបសម្ដែងការគួរសម និងប្រគល់សៀវភៅ​សិក្សា​ស្រាវជ្រាវ បែប​​ប្រវត្តិសាស្រ្តចំនួន ៣ច្បាប់ ជូនឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសម្ដែងនូវការអរគុណចំពោះ អ្នកនិពន្ធសៀវភៅទាំងបីច្បាប់នេះ គឺឯកឧត្ដម ពៅ សុខ ដែលបានប្រឹងប្រែងរៀបរៀង សៀវភៅទាំងនេះឡើងបានយ៉ាងល្អ ដើម្បីផ្ដល់ជាចំណេះដឹង និងទុកសម្រាប់ការសិក្សា​ស្រាវ​ជ្រាវ​ដល់សាធារណជនទូទៅ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា សម្រាប់ការ​ផ្ដល់​ជាអំណោយសៀវភៅទាំងអស់នេះ ឯកឧត្តមរដ្ឋមន្រ្ដីនឹងផ្តល់ជូនដល់បណ្តាអគ្គនាយក​ដ្ឋានទាំង៥ ចំណុះក្រសួង និងយកតម្កល់ទុកនៅបណ្ណាល័យក្រសួងព័ត៌មាន ផងដែរ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ពៅ សុខ បានឱ្យដឹងថា ការនាំយកនូវសៀវភៅ​ទាំងអស់នេះ​មកជូនឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងគោលដៅដើម្បីតម្កល់ទុកជាឯកសារ ប្រវត្តិសាស្រ្តរបស់ជាតិ និងជាការផ្សព្វផ្សាយខ្លឹមសារសំខាន់ៗក្នុងសៀវភៅនេះ ដើម្បីផ្ដល់​ជូនដល់មហាជនទូទៅ ដែលមួយចំនួនមិនសូវបានជ្រាបច្បាស់ពីប្រវត្តិសាស្រ្តប្រទេស​កម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្ដមបាន​បញ្ជាក់ថា សៀវភៅសម្តេចតេជោ ហ៊ុន សែន និងសន្តិភាព បានរំលេចចេញនូវសមិទ្ធផល និងស្នាដៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិ និងប្រជា​ជន​ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ ជាមួយគ្នានេះ ក្នុងសៀវភៅក៏បានលើកឡើង និងរម្លឹកពីការបង្កើតឱ្យមានរបបរាជានិយមឡើងវិញ ដោយ គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ពិសេសការខិតខំរបស់សម្តេច ក្នុង​ការធ្វើយ៉ាងណាបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។ ឯកឧត្ដមបានបន្ថែមថា សម្រាប់​សៀវភៅ ទឹកចិត្តអ្នកជួយសង្គ្រោះ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​រៀបរាប់ពីជីវិតតស៊ូដ៏លំបាក និងទេពកោសល្យក្នុងការដឹកនាំ ប្រកបដោយ​ចិត្តសប្បុរស របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ផងដែរថា ស្នាដៃនិពន្ធសៀវភៅចំនួន៣ច្បាប់ របស់ឯកឧត្ដម ពៅ សុខ រួមមាន ១. ទឹកចិត្តអ្នកជួយសង្គ្រោះ ២. សម្ដេច ហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាស់​ទិសប្រយុទ្ធ COVID-19 និង ៣. សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាព របស់កម្ពុជា ដោយប្រគល់ជូនឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន​ចំនួន៣​ច្បាប់ ក្នុងមួយច្បាប់ចំនួន ១០ ក្បាល៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register