មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំលើកទឹកចិត្តដល់គណៈ​គ្រប់គ្រងសាលារៀនទាំងអស់ ខិតខំពង្រឹង សមត្ថភាពផ្នែកឌីជីថល និងអនុវត្តន៍ការប្រើប្រាស់បច្ចេកវិទ្យា

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ —

ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់គណៈ​គ្រប់គ្រងសាលារៀនទាំងអស់ ​ខិតខំពង្រឹងសមត្ថភាព​ផ្នែក​ឌីជីថល និងអនុវត្តន៍ការប្រើប្រាស់បច្ចេកវិទ្យា​នៅក្នុងសាលារៀនឱ្យបានច្រើនបំផុត។ ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចុះទស្សនកិច្ចការងារនៅវិទ្យាល័យឧដុង្គ ស្រុកឧដុង្គ ខេត្ត​កំពង់ស្ពឺ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពិនិត្យតាមដានវឌ្ឍនភាព នៃ ដំណើរ​ការអនុវត្តន៍គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ(USESDP)។

ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងវិទ្យាល័យធនធាន សាលា បណ្ដាញ និងសិស្សអាហារូបករណ៍ក្រោមគម្រោង USESDP ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង USESDP បានណែនាំគណៈគ្រប់គ្រងទាំងអស់ ត្រូវជួយជំរុញលើកទឹកចិត្ដ និងណែនាំ​ឱ្យ​សិស្ស មានភាពក្លាហានក្នុងការធ្វើជាវាគ្មិន និងការនិយាយជាសាធារណៈជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា ក្នុងដំណាក់កាលនៃការបើកដំណើរការ សា លារៀនឡើងវិញនេះ សាលាត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យតាមការ​ណែ នាំរបស់ក្រសួងសុខាភិបាល ដោយចាត់ទុក “សុខភាពគឺជាជីវិត ការអប់រំគឺជា​អនាគត”។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា ការបើកសាលារៀនឡើងវិញនេះ អាច ប្រឈមនឹងការបិទវិញគ្រប់ពេលទៅតាមស្ថានភាពនៃការវិវត្ដរបស់ជំងឺកូវីដ-១៩។

បើតាមលោក ម៉ា សុភា ប្រធានក្រុមការបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានណែនាំនូវសសរស្ដម្ភចំនួន០៣ របស់គម្រោងគឺការផ្ដល់អាហារូបករណ៍សម្រាប់ សិស្សា នុសិស្សដើម្បីអភិវឌ្ឍធនធានមនុស្ស ការពង្រឹងគុណភាពអប់រំដើម្បីឆ្លើយ តបនឹង តម្រូវការទីផ្សារការងារបច្ចុប្បន្ន និងពង្រឹងសមត្ថភាព​គ្រប់គ្រងសម្រាប់គណៈគ្រប់គ្រង វិទ្យាល័យធនធាន និងសាលាបណ្ដាញធនធានទាំងអស់។

សូមបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏បានពិនិត្យ​បរិស្ថាន​សាលារៀន គុណភាពសំណង់នៃអគារធនធាន ការរៀបចំបន្ទប់ពិសោធន៍ ការគ្រប់គ្រង​បណ្ណាល័យ ការប្រើប្រាស់បន្ទប់កុំព្យូទ័រ និងការរៀបចំ​ការិយាល័យការងារជាដើម។ ជាមួយ​គ្នានេះ ក៏មានការធ្វើបទបង្ហាញអំពីប្រវត្តិវិទ្យាល័យ ការកៀរគរថវិកាកសាងសាលារៀន​ ការសហការជាមួយក្រុមកាងារដោះមីនដើម្បីរាវរកគ្រាប់មិនទាន់ផ្ទុះនៅបរិវេណសាងសង់អគារ ការទទួលបានជោគជ័យក្នុងការប្រឡងរបស់សិស្ស​ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗ​ដើម្បីកសាងសាលារៀនពីជំនាន់មួយទៅជំនាន់មួយ៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register