អាជ្ញាធររាជធានីភ្នំពេញ លះមែកឈើធំៗតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស លើសួនកាណាឌីយ៉ា អនុវត្តន៍បាន១០០ភាគរយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ — ដោយអនុវត្តន៍តាមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ បានចុះកាប់លះមែកឈើនៅលើសួនច្បារផ្លូវភ្លោះអង្គឌួង លើចិញ្ចើមផ្លូវលេខ១១០ និងផ្លូវលេខ ១១៤ក្រមួនស បានសម្រេចបញ្ចប់១០០ភាគរយ ហើយ។

លោក សំ សាមុត បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា ការកាប់លះមែក ឈើនៅលើសួនច្បារផ្លូវភ្លោះអង្គឌួង លើចិញ្ចើមផ្លូវលេខ១១០ និងផ្លូវលេខ១១៤ក្រមួនស ក្រុមការងារបានបញ្ចប់ការងារ១០០ភាគរយ រួចហើយ បើទោះបីមានការលំបាកបន្តិចមែន។

លោកបញ្ជាក់ថា ដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យ ព្រះអង្គឌួងនេះ មានចំនួន១០៥ដើម ហើយក្នុងចំនួននេះមានដើមគ្រាប់បែក ឬដើមគីនីនចំនួនជាង៤០ដើម ក្រៅនេះមានដើមគគី ឥន្ទនេល និងឈើទាល។ ដើមឈើធំៗ និងចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។

លោក សំ សាមុត បន្តថា ចំពោះសកម្មភាពកាប់លះមែកឈើនេះ ក្រុមការងារពិតជា មានការលំបាកខ្លះៗដូចជា បញ្ហាការកកស្ទះចរាចរ និងដើមឈើធំៗ ជាដើម ដែលតម្រូវឱ្យ ក្រុមការងារប្រើគ្រឿងចក្រធំៗ និងឡើងកាត់មួយមែកម្តង និងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗ ព្រោះតែខ្លាចខូចថ្នល់ និងការ៉ូឡា។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ក្រុមការងារ នៅសម្រុកធ្វើការងារនេះ រហូតបានសម្រេច១០០ភាគរយ៕

ដោយ​ សួស សំរិត

You do not have permission to write comment on this post.

Log in Register