ភ្នំត្នោត ភ្នំពក ជាតំបន់ទេសចរណ៍មានសក្តានុពលទាក់ទាញភ្ញៀវចូលចិត្តដើរកម្សាន្តព្រៃ

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះវិហារ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ — ភ្នំត្នោត ភ្នំពកស្ថិតនៅក្នុងស្រុកសង្គមថ្មីនៃទឹកដីខេត្តព្រះវិហារ គឺជាដែនជម្រកសត្វព្រៃដែលសម្បូណ៌ទៅដោយព្រៃឈើធំៗ និង សត្វព្រៃកម្រៗជាច្រើនប្រភេទ។ តំបន់នេះមានសក្តានុពលខ្ពស់ទាក់ទាញអ្នកទេសចរចូលចិត្តដើរកម្សាន្តព្រៃ និង ទស្សនាព្រៃព្រឹក្សាពីលើអាកាស។ 

វត្តមានសត្វកម្រៗ ដូចជាទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា មាន់ព្រៃ ក្ងោក នៅក្នុងតំបន់ការពារធម្មជាតិភ្នំត្នោត ភ្នំពក បានធ្វើឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិចង់ដឹងចង់ឃើញជាទីបំផុត។លើសពីនេះទៅទៀត អ្នកទេសចរអាចចុះហែលទឹកអូរកម្សាន្តក្នុងព្រៃ និង ជិះខ្សែរ៉កគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅតាមដងអូរចន្លោះភ្នំត្នោត។ សម្បត្តិធម្មជាតិដ៏មហាសាលនេះកំពុងអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុតដោយក្រុមគ្រួសារ លោក បេន ដាវីស ជាជនជាតិអាម៉េរិកក្រោមការគាំទ្រពីក្រសួងបរិស្ថានបានផ្តល់ទាំងកម្លាំងកាយចិត្ត និង ថវិកាសម្រាប់បម្រើដល់ការអភិរក្សជារៀងរាល់ឆ្នាំ។ 
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និង ក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៩-៣១ ខែមករាឆ្នាំ ២០២១ បានថ្លែងថា ក្រសួងបរិស្ថានបានផ្តល់មូលនិធិបរិស្ថាន និង សង្គមជួយគាំទ្រដល់ការងាររបស់លោក បេន ដាវីស ក្នុងមួយឆ្នាំ២ម៉ឺនដុល្លារអាម៉េរិកដើម្បីទ្រទ្រង់សកម្មភាពអភិរក្សធនធានធម្មជាតិ។ 

ការទស្សនាភ្នំត្នោត ភ្នំពកនេះធ្វើឱ្យភ្ញៀវទេសចរ ស្គាល់ពីការផ្សារភ្ជាប់ទំនាក់ទំនងរវាងព្រៃឈើ សត្វព្រៃ និង មនុស្ស។ ពួកគេអាចរស់នៅជាមួយគ្នាដូចគ្រួសារតែមួយ។ ទន្ទឹមនឹងនេះ អ្នកក៏អាចទៅទស្សនាប្រាសាទមួយចំនួនដែលកំពុងលាក់ខ្លួននៅកណ្តាលព្រៃផងដែរ។ តំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត ភ្នំពក គ្របដណ្ដប់ដោយព្រៃរបោះ ដែលជាជម្រករបស់សត្វព្រៃ កម្រៗកំពុងរស់នៅយ៉ាងសុខសាន្តសម្រាប់បម្រើដល់វិស័យទេសចរណ៍។ 

សរុបជារួមតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុប ៤២ ០៩៧ហិកតា ក្នុងនោះ លោក បេន ដាវីស ជនជាតិអាម៉េរិក បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា៕

ដោយ ៖ គង់ សិរីរ័ត្ន, រូបថត ៖ អ៊ុន រិទ្ធី

You do not have permission to write comment on this post.

Log in Register