ទូតអាម៉េរិកអរគុណរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ដែលអនុញ្ញាត្តឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA បើកដំណើរផ្សាយឡើងវិញនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ –ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបាន​សម្ដែង​នូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ដែលបានអនុញ្ញាត​ឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បើកការិយាល័យ និងបើកដំណើរផ្សាយឡើងវិញនៅ​កម្ពុជា​តាមវិទ្យុ តាមរយ:ទូរស័ព្ទ​ដៃស្មាតហ្វូន និងប្រព័ន្ធអ៊ិនធឺណែតដែលធ្វើឱ្យប្រជាជន​កម្ពុជា​ទទួលបាន​ព័ត៌​​មាន​​ច្រើន។ ការលើកឡើងរបស់ឯកឧត្ដម ឯកអគ្គរដ្ឋទូតនេះ ក្នុង​ឱកាសចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តីក្រសួង​ព័ត៌មាន កាលពី​ព្រឹកថ្ងៃ​ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម W. Patrick Murphy បានចាត់ទុកការអនុញ្ញាតឱ្យវិទ្យុសំឡេងសហរដ្ឋ​អាមេរិក VOA បើកដំណើរការផ្សាយឡើងវិញនេះ     គឺជាការបង្ហាញពីការលើកកម្ពស់​សិទ្ធិ​សេរីភាព ក្នុងការទទួលបានព័ត៌មាន និងការបញ្ចេញមតិកាន់តែល្អប្រសើរនៅកម្ពុជា។ ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនពីសកម្មភាពការងារដែលស្ថានទូត​អាម៉េរិក បាន​ផលិត និងទើបបានសម្ពោធនូវរូបសញ្ញាសម្រាប់អនុវត្តន៍ការងារឆ្នាំថ្មី ២០២១ AmCam 2021 ឬកម្ពុជា-អាមេរិក ២០២១។ ជាមួយគ្នានេះ AmCam ការប្រគំតន្ត្រី និងពិធី​សម្ពោធ​រូបសញ្ញា ឆ្នាំ ២០២១​ ការរួមចំណែកក្នុង​ភាព​ជាដៃគូរបស់សហរដ្ឋអាមេរិក ដល់ការអភិវឌ្ឍ​នៃប្រទេសកម្ពុជា។ ប្រធានបទសម្រាប់អនុវត្តន៍ ឆ្នាំ ២០២១ រួមមាន វិបុលភាព និង​និរន្តរភាព​ពីខែមករា ដល់ខែមិនា គឺបង្ហាញពីការរួមចំណែក របស់សហរដ្ឋអាមេរិក ចំពោះ​វិបុលភាព និងនិរន្តរភាព នៃប្រទេសកម្ពុជា និងតំបន់។ ចំពោះគោលការណ៍ និងគុណ​តម្លៃ​ពី​ខែមេសា ដល់ខែមិថុនា គឺលើកកម្ពស់នូវគុណតម្លៃ និងគោលការណ៍ រួម ដែលកំណត់​ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សម្រាប់សន្តិភាព និងសន្តិសុខ ពីខែ កក្កដា ដល់​ខែកញ្ញា គឺផ្តោតលើបញ្ហាសន្តិភាព និងសន្តិសុខ និងរម្លឹកខួបលើកទី ៣០ នៃកិច្ច ព្រម​ព្រៀង​សន្តិភាព ទីក្រុងប៉ារីស។ ដោយឡែក សម្រាប់ភាពជាដៃគូពីខែតុលា ដល់ខែធ្នូ គឺផ្តោតលើភាពជាដៃគូ ក្នុងទំនាក់ទំនងការទូតរបស់យើង​ជាមួយកម្ពុជា និងក្នុងតំបន់ ក្នុង​ពេលដែលកម្ពុជារៀបចំខ្លួនទទួលនាទីជាប្រធានអាស៊ាន នៅឆ្នាំ ២០២២។

ឯកឧត្ដមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា​បាន​ធ្វើកិច្ចការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ហើយកិច្ចការ​ងារ​នេះ សហរដ្ឋអាមេរិក ក៏បានចូលរួមទប់ស្កាត់ជំងឺនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ឱ្យកាន់​តែរឹង​មាំ​ថែម​​ទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូតមានជំនឿជឿជាក់ថា ក្នុងឆ្នាំ២០២១នេះ អ្វីៗនឹងកាន់តែល្អ ប្រសើរ ឡើងជាងឆ្នាំ២០២០កន្លងទៅ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មាន​បានដាក់ចេញនូវគោល​ដៅឆ្នាំ២០២១ គឺការខិតខំធ្វើយ៉ាងណាពន្លឿនការស្នើសុំការ​អនុម័ត​ច្បាប់ស្តីពីសិទ្ធិ​ទទួល​ព័ត៌មាន ព្រមជាមួយនឹងការធ្វើឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិ និងការ​ការពារដល់អ្នកសារ​ព័ត៌មាន ក្នុងខណៈពេលបំពេញការងារហើយ ជួបគ្រោះថ្នាក់ ដោយ​មាន​ការជួយ​ឧបត្តម្ភជាថវិកា សម្រាប់ការព្យាបាល៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register