ក្រុមហ៊ុន Cambodia Digital TV យូណាន ប្រទេសចិន នឹងបន្ដកិច្ចសហការជាមួយ​ក្រសួង​​ព័ត៌មានលើវិស័យទូរទស្សន៍ ឌីជីថល និងគម្រោងរៀបចំប្រព័ន្ធ 5G នៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ — លោក  Wang Weiyi  អនុប្រធានក្រុមហ៊ុន Cambodia Digital TV យូណាន់ នៃប្រទេស​ចិនបានលើកឡើងអំពីដំណើរការការងាររបស់ក្រុមហ៊ុនក្នុងការបន្តចូលរួមធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា សម្រាប់គម្រោងរៀបចំប្រព័ន្ធ 5G និងកិច្ចការងារក្នុង​វិស័យ​ទូរទស្សន៍ ឌីជីថល នៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់លោកអនុប្រធានក្រុមហ៊ុន Cambodia Digital TV យូណាន់ នៃប្រទេសនេះ ក្នុងការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរ​សម និងគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិចិន នាព្រឹកថ្ងៃ ទី១០  ខែកុម្ភៈ  ឆ្នាំ ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។

លោក Wang Weiyi បានជម្រាបជូនពីដំណើរការងាររបស់ ក្រុមហ៊ុន Cambodia Digital TV យូណាន់ នៃប្រទេសចិនក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មានលើ​ការងារ​រៀប​ចំប្រព័ន្ធទូរទស្សន៍ឌីជីថល ហើយប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងព័ត៌មាន អនុញ្ញាតឱ្យធ្វើកិច្ចការងារនេះ ក្រុមហ៊ុន នឹងលើកគម្រោងចំណាយថវិកា ទៅរដ្ឋា​ភិ​បាល​ចិន ដើម្បីធ្វើការសម្រេច។ លោក Wang Weiyi បានបន្ថែមថា ក្នុងរយៈពេលជាង ៦ ឆ្នាំ ដែល​ក្រុមហ៊ុន Cambodia Digital TV យូណាន់ សហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុង​ដំណើរការ​ងារ​រៀបចំប្រព័ន្ធទូរទស្សន៍ ឌីជីថល ដែលមាន ៧០ ប៉ុស្តិ៍ ដែលធ្វើឡើងនៅ​ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ហើយជាជំហានបន្តទៅមុខទៀត គ្រោងរៀបចំឱ្យមានជាប្រពន្ធ័ 5G សម្រាប់ការប្រើប្រាស់នៅកម្ពុជា ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ចំពោះ​ភាព​រីក​ចម្រើន នៃដំណើរការការងាររបស់ក្រុមហ៊ុន Cambodia Digital TV យូណាន់ នៃ​ប្រទសចិន នៅ​កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីជំហរ ក្នុងការបន្តកិច្ចសហការជា​មួយគ្នាបន្ត​ទៅមុខទៀត សំដៅធ្វើយ៉ាងណាឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀតលើវិស័យទូរទស្សន៍ ឌីជីថល ក៏ដូចជាគម្រោងការងារសំខាន់ៗជាច្រើនផ្សេង។

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានជម្រាបជូនពី​គម្រោងនៃ​ដំណើរ​ការរៀបចំ​ធ្វើការផ្លាស់ប្តូរ​ប្រព័ន្ធ​​ទូរ​ទស្សន៍ ពីអាណាឡូក ទៅជា ឌីជីថល នៅក្នុងឆ្នាំ២០២៣ ខាងមុខ ដែលការផ្លាស់​ប្ដូរនេះទាមទារឱ្យមានកិច្ចសហការ ផ្នែកបច្ចេកទេស ពីបណ្តាប្រទេសដៃគូ និងក្រុមហ៊ុន​ឯកជនដែលមានជំនាញខាងប្រព័ន្ធ ឌីជីថល ដើម្បីឱ្យដំណើរការងារផ្លាស់ប្រព័ន្ធនេះ ទទួល​បានជោគជ័យ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register