បណ្ណាល័យ “បំភ្លឺអនាគត” ផ្សព្វផ្សាយសៀវភៅអប់រំស្តីពី ជំងឺកូវីដ-១៩ និងសៀវភៅមួយចំនួនទៀត សម្រាប់ជាចំណេះដឹងដល់សិស្ស

Please log in or register to like posts.
ព័ត៌មាន

ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ — សៀវភៅអប់រំស្តីពី ជំងឺកូវីដ-១៩ ចំនួន១០០០ក្បាលជាលើកដំបូង និងសៀវភៅមួយ ចំនួនទៀតសម្រាប់ជាចំណេះដឹងដល់សិស្សត្រូវបានផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារៀនចិន ឈុង ជីង។

សៀវភៅអប់រំជាភាសាខ្មែរនេះ ត្រូវបានបោះពុម្ពឡើងដោ​​យក្រុមហ៊ុនចិនមួយឈ្មោះថា ឆាយណាហ៊រទៀន ហៅកាត់ (CHD) ក្នុងគោលបំណងផ្តល់ខ្លឹមសារអប់រំ និងបណ្តុះស្មារតី កុមារពីវិធានការពារនៃជំងឺឆ្លងកូវីដ-១៩ តាមរយៈការរក្សាអនាម័យខ្លួនប្រាណ ការពាក់ម៉ាស់ ការលាងដៃជាមួយសាប៊ូ ការរក្សាគម្លាតសង្គម និងការបង្ហាញនូវរោគសញ្ញាដែលសង្ស័យថា ឆ្លងមេរោគដ៏កាចសាហាវនេះដូចជា៖ មានអាការគ្រុនក្តៅខ្លាំង តឹងទ្រូង ពិបាកដកដង្ហើម ជាដើម។

តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន CHD បានឱ្យដឹងថា សៀវភៅអប់រំនេះ អាចបង្កើតរូបមន្តថ្មីនៃការអប់រំកុមារតាមបែបវិទ្យាសាស្រ្ត ដើម្បីការពារខ្លួនពីជំងឺរាតត្បាត ក៏ដូចជាចូលរួមលើកកម្ពស់គុណភាពអប់រំដល់កុមារនៅក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ ទៀតថា តាមរយៈការបង្កើតបណ្ណាល័យ “បំភ្លឺអនាគត”ក្រៅបណ្តាញ អាចតភ្ជាប់ចំណេះដឹង តាមអនឡាញ និងនៅកន្លែងជាក់ស្តែង ដើម្បីផ្តល់ចំណេះវិជ្ជាដែលមានតម្លៃកាន់តែច្រើន ដល់ក្មេងៗនៅតាមតំបន់។ លោកក៏បានឱ្យដឹងដែរថា បច្ចុប្បន្នបណ្ណាល័យ “បំភ្លឺអនាគត” បានគ្របដណ្តប់សិស្សជាងមួយពាន់នាក់ នៃសាលារៀនភាសាចិនក្នុងរាជធានីភ្នំពេញ  ក្នុង​ការផ្សព្វផ្សាយចំណេះដឹងផ្នែកការ បង្ការជំងឺឆ្លង វិទ្យាសាស្រ្ត និងសោភណភាព  ដើម្បីបង្កើតស្ពានចំណេះដឹងសម្រាប់កុមារកម្ពុជា។

លោកស្រី នៅ ខន នាយិការងសាលារៀន ឈុង ជីង ដែលទទួលបានការឧបត្ថម្ភ សៀវភៅនេះ បានឱ្យដឹងថា ក្នុងខណៈពេលបើកសាលារៀនឡើងវិញ បណ្ណាល័យ “បំភ្លឺអនាគត” បាននាំមកនូវសៀវភៅចំនួន៦០០ក្បាល និងគ្រឿងសម្ភារសម្រាប់បង្រៀន និងកីឡា សំដៅផ្តល់ចំណេះដឹងប្រកបដោយភាពគ្រប់ជ្រុងជ្រោយដល់សិស្សនៅកម្ពុជា។

តំណាងសិស្សសាលារៀន ឈុង ជីង បានបង្ហាញពីក្តីសប្បាយរីករាយពីការ អានសៀវភៅគំនូរ និងទស្សនាឃ្លីបវីដេអូគ្រប់បែបយ៉ាងអំពីការធ្វើពិសោធន៍នៃបណ្ណាល័យ “បំភ្លឺអនា​គត​” តាមកុំព្យូទ័រ ក្នុងអំឡុងពេលផ្ទុះការរីករាលដាលនៃជំងឺឆ្លង។ កុមាររូបនេះ រំពឹងថា សៀវភៅនេះ នឹងផ្តល់ចំណេះវិជ្ជាបានកាន់តែច្រើនថែមទៀត អំពីការបង្ការជំងឺ ចំពោះក្មេងជំទង់ដែលមានអាយុពី៥ ដល់១៦ឆ្នាំ ក្នុងការឈ្វេងយល់ពីចំណេះដឹង និងផ្តល់ការ គាំទ្រដល់ការអប់រំក្នុងតំបន់ឱ្យមានភាពកាន់​តែ​ល្អពេញលេញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន CHD ដែលជាសហគ្រាសផលិតថាមពល លំដាប់កំពូល លើពិភពលោក ដែលវិនិយោគថាម​ពល​អគ្គិសនីនៅកម្ពុជា។ ការបោះពុម្ពសៀវភៅនេះ ជាផ្នែកមួយចូលរួមដល់ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពអប់រំកុមារនៅកម្ពុជា។ ក្រៅពីនេះក្រុមហ៊ុន ក៏បានរៀបចំឱ្យមាននូវពិព័រណ៍រូបភាព និងការប្រកួតគូរគំនូរក្មេងជំទង់ ដែលឈ្មោះ “ថាមពលពេលអនា​គត”ជាដើម ដើម្បីអនុវត្តន៍គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ និងផ្លូវមួយ” នៃគោលនយោបាយចិន ដែលប្រកបដោយនវានុវត្ដន៍ ភាពសម្របសម្រួល បៃតង ភាពបើកទូលាយ និងការចែករំលែកការអភិវឌ្ឍ ក៏ដូចជាជំរុញការរួមរស់នៅប្រកបដោយ សុខដមរមនារវាងមនុស្ស និងធម្មជាតិផងដែរ៕

ដោយ ប៉ាល់សុង

You do not have permission to write comment on this post.

Log in Register