កម្ពុជាគាំទ្រដល់សំណើរបស់ក្រុមហ៊ុនFedEx ដែលមានគម្រោងហោះហើរដឹកទំនិញចេញ-ចូលកម្ពុជាក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ — ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​​អាកាសចរណ៍​ស៊ីវិលបានប្រាប់ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា កម្ពុជាគាំទ្រដល់ សំណើ​របស់ក្រុមហ៊ុន FedEx ដែលមានគម្រោងហោះហើរដឹកទំនិញចេញ-ចូលកម្ពុជា​(Cargo/Freight) នៅក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខ។ ការលើកឡើងរបស់​ឯកឧត្ដម​បណ្ឌិត​រដ្ឋមន្រ្ដីនេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នស្ថានពាណិជ្ជ​កម្ម នាថ្ងៃព្រហស្បតិ៍១៤រោច ខែមាឃ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋាន​​អាកាសចរណ៍​ស៊ីវិល។

ឯកឧត្ដម W.Patrick Murphy បានលើកឡើងពីគោលបំណង ដើម្បីឈ្វេងយល់​ពីការ វិវត្តនៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា និងការវិវត្តនៃការត្រៀមខ្លួនសម្រាប់ការចូល ជាសមាជិកអនុសញ្ញាខេបថោន(ស៊ីធីស៊ី)(Cape Town Convention) ព្រមទាំងការទទួលបាន ការគាំទ្រដល់សំណើររបស់ក្រុមហ៊ុន FedEx ដែល​មានគម្រោងហោះហើរដឹកទំនិញចេញ-ចូលកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា កម្ពុជានឹង​ពិនិត្យឡើងវិញលើអនុសញ្ញា​ខេប​ថោន​(Cape Town Convention)ដោយពិនិត្យលើក្រុមការ​ងារ​ត្រូវខិតខំបង្កើនល្បឿន​ដើម្បី​ឱ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ឯកឧត្តមបណ្ឌិត​រដ្ឋ​មន្រ្តីក៏បានស្នើសុំឱ្យភាគីសហរដ្ឋអាមេរិកជួយផ្តល់​ជំនួយ​បច្ចេកទេស និងអ្នកជំនាញការ​ជួយតម្រង់ទិសដល់ក្រុមការងារអាកាសចរស៊ីវិលឱ្យសម្រេចបានលទ្ធផលទៅតាមផែនការរបស់ខ្លួន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបន្ថែមថា ចំពោះក្រុមហ៊ុន FedEx យើងបានពិនិត្យ​និងគាំទ្រឱ្យមានការហោះហើរមកកម្ពុជាហើយ ប៉ុន្តែដោយសារមានការខ្វះខាតនូវ​ឯកសារ​មួយចំនួនដែលត្រូវបំពេញបន្ថែម ហើយខាងភាគីសហរដ្ឋអាមេរិកក៏បានយកទៅ​ពិនិត្យ​ពិចារណាហើយយើងនឹងគាំទ្រ និងជួយសម្រួលដល់ក្រុមហ៊ុន FedEx៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register