សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ប្រធានបទស្ដីពី នវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងស្របតាមការវិវត្តនៃ ពិភពលោក មានសារសំខាន់ ក្នុងឱកាសខួបលើកទី១០ នៃទិវាវិទ្យុពិភពលោក

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រធានបទស្ដីពី នវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងស្របតាមការវិវត្តនៃពិភពលោក មានសារៈសំខាន់ ក្នុងឱកាសខួបលើកទី១០ នៃ«ទិវាវិទ្យុពិភពលោក» ដែលបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងការបង្កើតឡើងនូវនវានុវត្តន៍នៃវិទ្យុផ្សាយសំឡេង ដើម្បីផ្សាភ្ជាប់ខ្លួនទៅនឹងសង្គម ស្របពេលដែលពិភពលោកទាំងមូលកំពុងមានការវិវត្តទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការរីករាលដាលនៃការឆ្លងជាសកលនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងគំរាមកំហែងនិងបង្កគ្រោះមហន្តរាយយ៉ាងធំធេងដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ចសកល។

ក្នុងសារលិខិតនាឱកាស ទិវាវិទ្យុពិភពលោក លើកទី១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ«នវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងស្របតាមការវិវត្តនៃពិភពលោក» សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការចូលរួមអបអរសាទរ ជាមួយបងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារនៅក្នុងស្ថាប័នវិទ្យុផ្សាយសំឡេងទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោកទាំងមូល។ សម្ដេចតេជោលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី១១០ នៃការបង្កើតវិទ្យុផ្សាយសំឡេងនៅលើសកលលោក ហើយក៏ជាខួបលើកទី៧៥ នៃថ្ងៃកំណើតវិទ្យុអង្គការសហប្រជាជាតិ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិយល់ដឹងរបស់សាធារណជន ការបង្កើននូវកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងអ្នកសារព័ត៌មាននៅក្នុងស្ថាប័នវិទ្យុផ្សាយសំឡេងនៅទូទាំងសកលលោក និងបង្ហាញពីសារៈសំខាន់របស់វិទ្យុផ្សាយសំឡេង ជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ដោយបានឆ្លងកាត់ការវិវត្តនៅគ្រប់សម័យកាលស្របតាមការវិវត្តបច្ចេកវិទ្យាឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយនៅលើសកលលោក។ សម្ដេចតេជោគូសបញ្ជាក់ថា វឌ្ឍនភាពនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើឱ្យវិទ្យុផ្សាយសំឡេង ដែលជាឧបករណ៍សារគមនាគមន៍ដ៏មានឥទ្ធិពលអស់រយៈពេលជាងមួយសតវត្សរ៍មកហើយនោះ នៅតែអាចឈរជើងយ៉ាងរឺងមាំ ក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដោយបានបង្កើតនវានុវត្តន៍នៃការបញ្ជូនមាតិការបស់ខ្លួនទៅលើថ្នាលវិទ្យុឌីជីថលអនឡាញ ដែលអាចប្រើបានតាមរយៈឧបករណ៍វ័យឆ្លាត ដើម្បីផ្សារភ្ជាប់និងសម្របសម្រួលខ្លួនទៅនឹងជីវិតរស់នៅ និងចរិកលក្ខណៈរបស់មនុស្សជំនាន់ថ្មី ផ្ដល់នូវជម្រើសជាច្រើនឆ្លើយតបតាមតម្រូវការរបស់មនុស្ស ក្នុងការស្ដាប់មាតិកាដែលខ្លួនពេញចិត្តដែលមានតម្លៃថោក អាចប្រើបានគ្រប់ពេលវេលា គ្រប់ទីកន្លែងបានរហ័សទាន់សភាពការណ៍ និងមានវិសាលភាពគ្របដណ្ដប់ទូលំទូលាយ ដែលរហូតមកដល់ពេលនេះវិទ្យុផ្សាយសំឡេងនៅតែជាមធ្យោបាយក្នុងការផ្ដល់ព័ត៌មាន ការអប់រំ និងការប្រឆាំងព័ត៌មានក្លែងក្លាយដ៏មានប្រសិទ្ធភាព និងទទួលបានការគាំទ្រពេញនិយមពីសំណាក់មហាជនជាច្រើន ជាងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតនាពេលបច្ចុប្បន្ន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតីទាំងអស់និយាយជារួម និងនិយាយដោយឡែកចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលបំពេញការងារនៅក្នុងស្ថាប័នវិទ្យុផ្សាយសំឡេងទាំងស្ថាប័នរដ្ឋ និងឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំពុះពាររាល់ឧបសគ្គនិងការលំបាក ក្នុងការបំពេញការងាររបស់ខ្លួន ផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register