ឯកឧត្តម វ៉ាត់ ចំរើន៖ សូមអ្នកចូលរួម ជិះកង់នៃក្តីស្រឡាញ់ ១៤កុម្ភៈ នៅខេត្តព្រះសីហនុ សូមជិះដោយភាពកក់ក្តៅ និងរីករាយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ — ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈ​កម្មាធិ​ការជាតិអូឡាំពិកកម្ពុជា(NOCC)បានអំពាវនាវឱ្យអ្នកចូលរួមជិះកង់ «ជិះកង់នៃក្តី​ស្រឡាញ់» នៅខេត្តព្រះសីហនុ នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ សូម​ចូល​រួមជិះដោយភាពកក់ក្តៅ និងទទួលយកនូវរីករាយនៃភាពស្រស់ត្រកាលតំបន់ឆ្នេរ​សមុទ្រ​ដ៏ទាក់ទាញរបស់កម្ពុជាមួយនេះ។ ឯកឧត្តមក៏បានសូមគោរពជម្រាបជូន​ដល់​សាធារណជនឱ្យដឹងដែរថា ការរៀបចំទិវាកីឡាទេសចណ៍ «ជិះកង់នៃក្តីស្រឡាញ់» នៅ​ខេត្ត​ព្រះសីហនុនេះ គណៈកម្មការរៀបចំទទួលបានការចុះឈ្មោះចូលរួមពីកីឡាករ កីឡា​ការិនីកម្រិតជំនាញ ក្នុងចម្ងាយ៤០គីឡូម៉ែត្រ បានជិត១០០នាក់។ ចំណែកឯអ្នកជិះកង់​លក្ខណៈគ្រួសារ ដៃគូមិត្តភក្ដិលក្ខណៈកម្សាន្តលើចម្ងាយ២៥គីឡូម៉ែត្រ និង១៥គីឡូម៉ែត្រ ដែលនឹងជិះតាមដងផ្លូវតាមឆ្នេរសមុទ្រដែលមានសោភណភាពដ៏ស្រស់ត្រកាល ដែលអាច​ស្រូបបាននូវខ្សល់អាកាសល្អ ក្នុងការប្រណាំងកង់ដោយធ្វើឱ្យអ្នកចូលរួមទាំងអស់រំភើប និងសប្បាយរីករាយជាក់ជាមិនខាន។ ជាមួយគ្នានេះ ចំនួនអ្នកចុះឈ្មោះចូលរួមទាំងអស់​មានជាង២០០នាក់ហើយ។

ឯកឧត្តមសង្កត់ធ្ងន់ថា «សម្រាប់ការជិះកង់លើវិញ្ញាសាជំនាញ ៤០គីឡូម៉ែត្រនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងបិទផ្លូវការឆ្លងកាត់ផ្សេងៗឱ្យជិតតែម្តង ដើម្បីផ្តល់ភាពកក់ក្តៅ សុវត្ថិភាពខ្ពស់បំផុតដល់ការប្រណាំងនេះឱ្យ​កាន់តែល្អប្រសើរ​តែម្តង។ សូមជម្រាបជូនដល់កីឡាករ កីឡាការិនីជំនាញនៃវិញ្ញាសានេះ ដែលគ្រោងនឹង​ជិះតាម​ឆ្នេរអូឈើទាល អូត្រេះ រហូតដល់ឆ្នេរឯករាជ្យ រួមទាំងការឆ្លងកាត់ក្នុងទីក្រុង សូម​កុំបារម្ភរឿងសុវត្ថិភាពឱ្យសោះ ដោយឯកឧត្តមអភិបាលខេត្តនឹងរៀបចំកម្លាំង​ចរាចរណ៍​បិទផ្លូវឱ្យជិតល្អ ហើយសូមកីឡាករ កីឡាការិនី ក្នុងកម្រិតជំនាញសូមបញ្ចេញការ​ប្រកួត​ប្រជែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើនសិទ្ធផលរបស់ខ្លួនឱ្យកាន់តែប្រសើរ។”

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការក៏បានបញ្ជាក់ដែរថា សម្រាប់កីឡាករ កីឡា​​ការិនីនានា ដែលមិនស្នាក់នៅផ្ទះសំណាក់ ឬសណ្ឋាគារ អាចយកតង់ដោយខ្លួន​ឯង​ទៅបោះនៅតាមឆ្នេរសមុទ្រ អូឈើទាល ដែលគណៈកម្មការនឹងរៀបចំទីតាំងជូន​ប្រកប​ដោយសុវត្ថិភាព និងមានបន្ទាប់ទឹកអនាម័យផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ​នេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ព្រមទាំងទទួលបានការគាំទ្រ​យ៉ាងពេញ​ទំហឹងពីអាជ្ញាធរដែនដី គឺរដ្ឋបាលខេត្តព្រះសីហនុផងដែរ៕

 

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register