ក្រសួងការងារសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់ឱកាសការងារជិត ៤០០ កន្លែងដល់យុវជន នៅថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ — ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់នូវឱកាសការងារជិត ៤០០កន្លែងជូន​ដល់​សិស្ស និស្សិត យុវជន អ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “កិច្ចសម្ភាសប្រចាំខែ” ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខនេះ។ នេះបើយោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមក្រសួងការងារ សម្រាប់ក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុង​កិច្ចសម្ភាសនាខែកុម្ភៈ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ក្រុមហ៊ុន ធានារ៉ាប់រង Manulife, ក្រុមហ៊ុន Vital, ធនាគារ ABA Bank ។

លោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញដែលសម្របសម្រួល ការរៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែបាន​រួមចំណែកយ៉ាង សំខាន់ដល់ភាគីនិយោជក ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឱ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បី​យក​ទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។ លោកបានបញ្ជាក់ថា សម្រាប់អ្នកដែលមានបំណងស្វែងរកការងារ​ឬចង់ផ្លាស់ប្ដូរបទ​ពិសោធន៍ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប ឬ(CV) និងរៀបចំខ្លួនឱ្យបានសមរម្យ​ដើម្បីត្រៀមជួបសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះនៅថ្ងៃកម្មវិធីតែម្ដង ។

លោកបានលើកឡើងថា ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តន៍យ៉ាងម៉ត់ចត់នូវវិធាន​ការ​បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីក​រាល​នៃជំងឺកូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេ​រើសកម្លាំង​ពល​កម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

គួរបញ្ជាក់ផងដែរថា កម្មវិធី “កិច្ចសម្ភាសប្រចាំខែ” គឺជាផ្នែកមួយនៃយន្តការវេទិកា​ការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេស​យុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ សម្រាប់ សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) និងរៀប​ចំខ្លួន​ឱ្យបានសមរម្យទៅតាមមុខតំណែងដែលខ្លួនចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និង​សម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុននៅថ្ងៃកិច្ចសម្ភាសន៍ ចាប់ពីម៉ោង ០៨៖០០ ព្រឹកដល់​ម៉ោង​០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register