រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ករណីអធិការស្រុកកំរៀង ខេត្តបាត់ដំបង ជាកញ្ចក់ឆ្លុះ​សម្រាប់ថ្នាក់​ដឹកនាំនគរបាលផ្សេងទៀត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន​ចុះហត្ថលេខាលើអនុក្រឹត្យ​សម្រេចដក​ឋានន្តរ​ស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិលោក គឹម ពន្លត ដែល​ជាអធិការ​នគរបាលស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការ​ស្រុក​រូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូល​ទឹកដី​កម្ពុជា។ ចំពោះករណីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ករណីលោក គឹម ពន្លត គឺជាកញ្ចក់សម្រាប់​ថ្នាក់ដឹក​នាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការ​ពិន័យ ឬទណ្ឌកម្ម ដកស័ក្ដិ និងបណ្ដេញចេញ។ ការលើកឡើងរបស់សម្ដេចក្រឡា​ហោម​បែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាន​នគរបាល​ ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ​នៅទីស្តីការក្រសួងមហាផ្ទៃ ។

ពាក់ព័ន្ធនឹងករណីនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តន៍តាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោស​បុគ្គលរូបនេះ ដាក់ពន្ធនាគារឱ្យខាងតែបាន ដើម្បីជាការព្រមានដល់ជនទាំង​ឡាយផ្សេង​ទៀត កុំឱ្យប្រព្រឹត្តទង្វើបែបនេះ៕

ដោយ ចាន់ សុធីវង្ស

You do not have permission to write comment on this post.

Log in Register