ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី អបអរសាទរកម្ពុជាដែលគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អ និងមានការរីករាលដាលឆ្លងយ៉ាងតិចបំផុត

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១–លោកជំទាវ ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរ ជូនចំ ពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពោល​គឺមានការរីករាលដាលឆ្លងជំងឺនេះយ៉ាងតិចបំផុត។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានប្រាប់ក្រុមអ្នកសារព័ត៌មាន​ដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្ដែងការ​គួរសម នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនោះដែរ  លោកជំទាវ Maria Amelita C.Aquino បានពាំនាំនូវពាក្យផ្ដាំផ្ញើ​សួរ​សុខទុក្ខ អំពីឯកឧត្តមប្រធានាធិបតីហ្វីលីពីន ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងបានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​ព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរនៅ​កម្ពុជា គឺមានការរីករាលដាលឆ្លងជំងឺនេះយ៉ាងតិចបំផុត។ លោកជំទាវក៏បានគោរព​ថ្លែង​អំណរគុណ និងសម្ដែងនូវការរីករាយយ៉ាងខ្លាំងជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែល​បានដឹកនាំប្រទេស ទទួលបានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនាំកម្ពុជា មាន​កំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមក។  លោកជំទាវឯកអគ្គរដ្ឋទូតបានគោរពជម្រាបជូន សម្តេចតេជោថា បេសកកម្មរបស់លោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជានៅ​ពេល​នេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើ​វិស័យ​ពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យវិនិយោគ។ លោកជំទាវបានបន្ថែមថា ការ​ពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចនិងវិនិយោគនេះ គឺលោកជំទាវនឹងផ្ដោតការយកចិត្តទុកដាក់ ទៅលើកិច្ចព្រមព្រៀង និងអនុស្សរណៈ​ដែល​មានស្រាប់ និងបានចុះហត្ថលេខារួចហើយ  ដែលនឹងពិនិត្យមើលលទ្ធភាព និងកិច្ចសហ​ប្រតិ​បត្តិការផ្សេងទៀត ដែលប្រទេសយើងទាំងពីរមានរួមគ្នា។ លោកជំទាវ បានជម្រាបជូន​សម្ដេចតេជោផងដែរថា  លោកជំទាវបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើយ៉ាងណាចាប់​ផ្ដើម​ដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់​ពីជំងឺកូវីដបានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណ និងអបអរ​សាទរជូនចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជា ហើយក៏បានថ្លែងអំណរគុណ ចំពោះការនាំមក​នូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានាធិបតីហ្វីពីន ជូនចំពោះសម្តេច។ សម្ដេច​តេជោបានយល់ស្របជាមួយនឹងលោកជំទាវ ហើយក៏បានសម្ដែងនូវការរីករាយ ចំពោះ​ទំនាក់ទំនងរបស់កម្ពុជានិងហ្វីលីពីន ដែលបានមានការរីកចម្រើនធំធាត់ជាលំដាប់ រហូត​មកដល់ពេលនេះ។ សម្ដេចបានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដបានធ្វើឱ្យ​មានការ​ផ្អាកនូវសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនជាពិតមែន។ ប៉ុន្តែទោះ​ជា​យ៉ាងណាក៏ដោយ ជាមួយនឹងការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ យើង​គប្បីណាពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀត ដែលមានជាពិសេស​នៅក្នុង​ក្របខ័ណ្ឌទ្វេភាគីក្របខ័ណ្ឌអាស៊ាន-ចិន និងក្របខ័ណ្ឌអាស៊ី-អឺរ៉ុបផងដែរ។ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវថា កម្ពុជាមានអង្ករនៅសល់ច្រើនលានតោន ពោលគឺប្រមាណ៦ លានតោនក្នុងមួយឆ្នាំ។ ក្នុងន័យនេះ សម្ដេចតេជោបាន​ស្នើឱ្យ​ហ្វីលីពីន ពិនិត្យមើលលទ្ធភាព ពិចារណាអំពីស្ថេរភាពស្បៀងស្ថេរភាពអង្ករនៅកម្ពុជា សម្រាប់​ការនាំចេញទៅជំរុញឱ្យមានស្ថិរភាពស្បៀង នៅប្រទេសហ្វីលីពីន។ ក្នុងន័យ​នេះ​សម្ដេចតេជោបានគូសបញ្ជាក់ថា ហ្វីលីពីន អាចដាក់មកដាក់ទុនវិនិយោគនៅកម្ពុជា តាម​រយៈការដាក់ទុនធ្វើម៉ាស៊ីនកិនស្រូវ កសាងឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញ​ដើម្បី​ទិញស្រូវស្រុកស្តុកទុក ដើម្បីនាំចេញទៅកាន់ប្រទេសហ្វីលីពីន។  សម្តេចតេជោបាន​លើក​ឡើងផងដែរថា យើងគប្បីណាពិនិត្យមើលសក្តានុពល ដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្ដានុពលនៅទីឆ្ងាយៗ យើងអាចធ្វើយ៉ាងណាគេយកសក្ដានុពលនេះ មកប្រើប្រាស់ហើយបំពេញឱ្យគ្នាទៅវិញទៅមកបាន។

សម្ដេចតេជោក៏សូមផ្ញើជូននូវការសួរសុខទុក្ខ និងការគោរពជូនឯកឧត្តមប្រធានា​ធិបតី​ហ្វីលីពីន ក៏ដូចជាជូនពរឱ្យលោកជំទាវ និងសហការីទាំងអស់ នៅស្ថានទូតហ្វីលីពីន​ប្រចាំនៅកម្ពុជា មានសុខភាពល្អទទួលបានជោគជ័យ នូវបេសកកម្មកាទូតនៅកម្ពុជា។

ជាមួយនឹងការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី លោកជំទាវ Maria Amelita C.Aquino បានមានប្រសាសន៍ថា តាំងពីឆ្នាំ ២០១៩មក ហ្វីលីពីន បានលុប​ចោល​ច្បាប់ដាក់កំណត់នូវការនាំអង្ករចូលប្រទេសហ្វីលីពីន។ ដូច្នេះការនាំអង្ករចូល ត្រូវពឹងទៅ​លើក្រុមអ្នកវិនិយោគរបស់ហ្វីលីពីន ដែលអាចមានចំណាប់អារម្មណ៍ ក្នុងការនាំចូល។ លោកជំទាវនឹងលើកទឹកចិត្តឱ្យវិនិយោគិនហ្វីលីពីន មកកាន់កម្ពុជា ដើម្បីពិនិត្យមើល​លទ្ធ​ភាពនាំអង្ករចេញពីកម្ពុជា ព្រោះអង្ករនៅកម្ពុជា មានស្ថិរភាព និងនៅសល់ច្រើន ដែល​អាចនាំចេញទៅហ្វីលីពីនបាន៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register