សិស្ស និស្សិតស្រីចំនួន១៥រូប ត្រូវបានបណ្ដុះបណ្ដាលជំនាញ ឌីជីថល ដំបូងគេនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ –គិតត្រឹមខែមករា ឆ្នាំ ២០២១ ប្រទេសកម្ពុជាមានកំណត់ត្រាអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន ៨,៨៦លាននាក់ ដែលបង្ហាញថាជំនាញ ឌីជីថល គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បី​ទទួលបានជោគជ័យនៅក្នុងពិភពដែលពោរពេញដោយបច្ចេកវិទ្យា។ ជាមួយនេះដែរ ការ​ចូល​រួមរបស់ស្ត្រីនៅក្នុងពិភពឌីជីថលគឺជាកត្តាចាំបាច់ ដើម្បីបង្កើតសេដ្ឋកិច្ច និងសង្គម​ឌីជីថលប្រកបដោយស្មើភាពគ្នា។ ដោយមើលឃើញអំពីតម្រូវការចាំបាច់ និងការរីក​ចម្រើន​ផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ក្រោមជំនួយពីមូលនិធិ​ Alumni Engagement Innovation Fund និង គាំទ្រដោយ​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា កម្មវិធី HER Project: Digital Edition បានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្កើន​ការចូលរួមរបស់ស្ត្រី​នៅក្នុងការធ្វើការងារសង្គម និងសកម្មភាពឌីជីថល ជាពិសេសបណ្ដុះបណ្ដាលដល់សិស្ស និស្សិតជាស្រ្ដីកម្ពុជាចំនួន១៥រូប លើជំនាញឌីជីថលនេះ ជាលើកដំបូងនៅកម្ពុជា។ នេះបើ​យោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

បើតាមលោក Chad Roedemeier ដែលជាមន្រ្តីទំនាក់ទំនងសាធារណៈរបស់​ស្ថាន​ទូត​​អាម៉េរិក​ប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ដើម្បីទទួលបានភាពជោគជ័យនៅថ្ងៃ​អនាគត ប្រទេសនីមួយៗត្រូវតែផ្ដល់សក្ដានុពលទៅដល់ក្មេងស្រី និងនារីនៅគ្រប់វិស័យ ជាពិសេស​វិស័យបច្ចេកវិទ្យា។ លោកបានលើកឡើងថា “សហរដ្ឋអាមេរិកពិតជាមានមោទ​ន​ភាពដែល​បានជួយដល់និស្សិតស្រីទាំង១៥រូប ដែលនឹងអាចក្លាយជាអ្នកដឹកនាំផ្នែក​បច្ចេកវិទ្យានាថ្ងៃ​​អនាគត​​របស់​កម្ពុជា”។

ជាមួយគ្នានេះ នៅអំឡុងពេលកម្មវិធី អ្នកចូលរួមបានឆ្លងកាត់វគ្គបណ្តុះបណ្តាល វគ្គចែករំលែក ដំណើរទស្សនកិច្ចនៅស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា និងការរៀបចំ​គម្រោងធ្វើយុទ្ធនាការផ្សព្វផ្សាយខ្នាតតូច ដើម្បីសហគមន៍របស់ពួកគេ ក៏ដូចជាគម្រោង​ឌីជីថល ទាក់ទងទៅនឹងសារៈសំខាន់នៃការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ។ លើសពី​នេះ​ទៀត ដើម្បីឆ្លើយយតបទៅនឹងស្ថានភាពបច្ចុប្បន្ននៃជំងឺ កូវីដ-១៩ អ្នករៀបចំគម្រោង HER Project និងអ្នកចូលរួមទាំងអស់បានចាត់វិធានការបង្ការទុកជាមុន និងអនុវត្តន៍តាម​គោល ការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងតឹងរឹងក្នុងរយៈពេលនៃការចូលរួមទាំងមូល។

លោក Chad Roedemeier បានបន្ថែមថា គម្រោងនេះ បានសហការជាមួយក្រុមដៃគូ​ចម្រុះរាប់ចាប់ពីនិស្សិតក្មេងៗ ក្រុមសង្គមស៊ីវិល រហូតដល់អ្នកជំនាញដែល​​​ជួយ​​បង្ហាញ​បន្ថែមទៀតពីគោលដៅនៃគម្រោង និង លើកកម្ពស់ ការយល់ដឹង និងការផ្តល់សិទ្ធិអំណាច​ដល់ស្ត្រី​ក្នុងការកសាង និងអភិវឌ្ឍន៍ សហគមន៍​របស់ពួកគេ។

សូមបញ្ជាក់ផងដែរថា កាលពីអំឡុងថ្ងៃទី ២៧​ ដល់ ៣១ ខែមករា ឆ្នាំ ២០២១ កម្មវិធី Her Project: Digital Edition បានរៀបចំដំណាក់កាលទី ១ នៃគម្រោងជាសិក្ខាសាលាបាន​យ៉ាងជោគជ័យដែលប្រព្រឹត្តឡើងរយៈពេល ០៥ ថ្ងៃ។ តាមរយៈសិក្ខាសាលានេះ សិស្ស និស្សិតស្រីចំនួន១៥នាក់មកពី ៤ ខេត្ត-ក្រុង បានរៀនជំនាញសំខាន់ៗអំពីការយល់ដឹង​អំពី​ប្រព័ន្ធផ្សព្វផ្សាយ ការយល់ដឹងអំពីសហគមន៍ យុទ្ធនាការឌីជីថល និងជំនាញគ្រប់គ្រង គម្រោង៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register