កម្ពុជា-អូស្ត្រាលី សហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិចំណីអាហារ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា -អូស្ត្រាលី (CAVAC- កាវ៉ាក់) កាលពីថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព  ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានសហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ ការបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ- ចំណី អាហារ ” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និងដោយមាន ការចូលរួមពីសំណាក់តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការ និង ដឹកជញ្ជូន , អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, និងអគ្គនាយកដ្ឋានពន្ធដារ សរុបប្រមាណ ៤០រូប។

កិច្ចប្រជុំពិគ្រោះយោបល់នេះប្រព្រឹត្តទៅក្នុងគោលបំណងប្រមូលមតិយោបល់ និងធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ – ចំណីអាហារ ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC- កាវ៉ាក់ ) ។

ក្នុងមតិស្វាគមន៍ ឯកឧត្តម Pablo kang បានវាយតម្លៃខ្ពស់ចំពោះការផ្តល់កិច្ចសហការល្អរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យផ្តល់មតិលើឯកសារស្តីពីការសិក្សាអំពីវិសាលភាពនៃការបង្កើត ផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ – ចំណីអាហារសម្រាប់ ក . អ .ក . និងផ្តល់កិច្ចសម្របសម្រួលដល់កាវ៉ាក់ ក្នុងការបំពេញការងារទាំងនេះ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលអូស្ត្រាលី និង រាជរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីទសវត្សរ៍ទី៦០ រហូតដល់ ពេលបច្ចុប្បន្នទៅលើផ្នែក និងវិស័យ ជាច្រើន ជាពិសេសការផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះផងដែរ ការបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ- ចំណីអាហារនេះ រដ្ឋាភិបាល អូស្ត្រាលីនឹងបន្តគាំទ្រប្រតិបត្តិការលើផ្នែកនេះសម្រាប់ពេលបច្ចុប្បន្ន និងនាពេលខាងមុខជាបន្តបន្ទាប់ទៀត ។

ទន្ទឹមនឹងនេះ ក្នុងពិធីប្រកាសបើកកម្មវិធី ឯកឧត្តម ជា វុទ្ធី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល អូស្ត្រាលី ក៏ដូចជាស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និង កម្មវិធីកាវ៉ាក់ ដែលបានផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការរៀបចំនូវឯកសារសិក្សាអំពីវិសាលភាពនៃការបង្កើតផ្នែកទទួលបន្ទុកវិនិយោគ វិស័យកសិ លើ – ចំណីអាហារ។ ក្រោមកិច្ចសហការរវាង ក.អ.ក និងកម្មវិធីកាវ៉ាក់ តាមរយៈកិច្ចព្រមព្រៀង ក.អ.ក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ការបង្កើតផ្នែកនេះ មានភារកិច្ចចម្បងចំនួនពីរ រួមមាន៖ ១. សម្រួល ដល់វិនិយោគិនក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងបទប្បញ្ញត្តិការលើក ទឹកចិត្តវិនិយោគ និងលក្ខខណ្ឌតម្រូវនានាក្នុងវិស័យនេះ និង ២. រៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីសក្តានុពល នៃការវិនិយោគផ្នែកកសិ- ចំណីអាហារនៅកម្ពុជាដល់វិនិយោគិន។ការបង្កើតផ្នែកទទួលបន្ទុកវិនិយោគផ្នែក កសិ – ចំណីអាហារនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងទាក់ទាញវិនិយោគក្នុង វិស័យកសិកម្ម កសិឧស្សាហកម្ម ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ២០២៥ និងការអនុវត្តនូវយុទ្ធសាស្រ្តទាក់ទាញវិនិយោគចំគោលដៅ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែម ទៀតថា ផ្នែកនេះនឹងចូលរួមចំណែកទាក់ទាញវិនិយោគិនមកកម្ពុជា ដើម្បីជំរុញឱ្យការផលិតនូវវត្ថុធាតុដើម ក្នុងស្រុកឱ្យកាន់តែច្រើនឡើង ក្នុងបំណងផ្គត់ផ្គង់ដល់ខ្សែចង្វាក់ផលិតកម្មដែលកំពុងមានស្រាប់នៅក្នុង ប្រទេស ជំនួសឱ្យការនាំចូលវត្ថុធាតុដើមពីប្រទេសជិតខាង ដូចជាការផ្គត់ផ្គង់ទៅក្នុងរោងចក្រផលិតចំណីសត្វ រោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រកែច្នៃផលិតផលកសិកម្ម និងចំណីអាហារសម្រាប់ការនាំចេញ ជាដើម។

ជាកិច្ចបញ្ចប់ កិច្ចប្រជុំពិគ្រោះយោបល់នេះបានទទួលការចូលរួមនូវមតិយោបល់យ៉ាងផុសផុល និង ធាតុចូលប្រកបដោយផ្លែផ្កាពីអង្គសិក្ខាលា និងបានបញ្ចប់ ក្នុងបរិយាកាសប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល៕

ដោយ ៖ គង់ សិរីរ័ត្ន,រូបថត ៖  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

You do not have permission to write comment on this post.

Log in Register