យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូងនៅខេត្តបន្ទាយមានជ័យ បានចាប់​ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ –យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូង នៅខេត្តបន្ទាយមានជ័យ បាន​ចាប់ផ្តើមហើយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ តែលើក្រុមមន្ត្រីពេទ្យ កម្លាំងនគរបាល អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក ក្រុង ប្រធាន អនុប្រធានមណ្ឌលចត្តាឡីស័ក​ ដែលបំពេញការងារប្រចាំមណ្ឌលចត្តាឡីស័កនានាតែប៉ុណ្ណោះ ក្រោមការដឹកនាំផ្ទាល់ដោយ​ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។​

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម(Sinopharm)របស់ចិន សម្រាប់ ខេត្ត បន្ទាយមានជ័យបានធ្វើឡើងនៅ៤ទីតាំងរួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី, មន្ទីរពេទ្យបង្អែកថ្មពួក, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត, និងមន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ។

ក្នុងឱកាសដឹកនាំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាព​កម្ពុជា-ជប៉ុនមង្គលបូរី កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមផ្ទាល់ ក៏ដូចជាក្នុងនាម រដ្ឋបាលខេត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ សូមសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងរំភើបដោយសារឃើញការយក ចិត្តទុកដាក់ យ៉ាងខ្ពង់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគិតគូរជានិច្ចអំពីបញ្ហា សុខទុក្ខ ​ របស់ប្រជាជនកម្ពុជាទាំងមូលនោះ។

គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៧៧៧០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ២៥៨៣នាក់ ហើយក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងកើនដល់ចំនួនសរុប ៣៦៧៣៥នាក់ ក្នុងនោះមាននារី ៣១៨៣នាក់។

ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម របស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១៕

ដោយឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register