ផ្អាកការប្រកួតកីឡានានា និងទិវារត់ប្រណាំងកម្សាន្តស្រ្តី និងកីឡា ៨មីនា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ –ការប្រកួតកីឡាជម្រើសជើងឯកបាល់ទាត់នារី ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ (U18) និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ (U15) និងទិវារត់ប្រណាំង កម្សាន្តស្ត្រី និងកីឡា ៨មីនា ត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី ដោយយោងទៅលើស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈ។

នេះបើយោងលើលិខិតជូនដំណឹងដោយឡែកៗពីគ្នា ស្តីពីការផ្អាកជាបណ្តោះអាសន្ន ដែលទទួលបានកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងការជូនដំណឹងរបស់សហ ព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្អាកដំណើរការជាបណ្តោះអាសន្ននូវការប្រកួតជម្រើស ជើងឯកលីគនារី ឆ្នាំ២០២១ ដែលគ្រោងប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតជម្រើសជើងឯកយុវជន អាយុក្រោម ១៥ឆ្នាំ និងជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ រហូតដល់មានការជូនដំណឹងជាថ្មី។ ចំពោះគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានផ្អាកមិនឱ្យ ទស្សនិកជនចូលរួមទស្សនាដោយផ្ទាល់នៅកីឡដ្ឋានដែរ សម្រាប់ការប្រកួត បាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១ ដែលកំពុងដំណើរប្រកួត ជម្រុះវិលជុំក្នុងពូលថ្នាក់ជាតិរៀងរាល់ថ្ងៃអង្គារ និងថ្ងៃពុធ និងផ្អាក មិនឱ្យទស្សនិកជនចូល ទស្សនានៅកីឡដ្ឋានដោយផ្ទាល់ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ ដែល គ្រោងនឹងបើកការប្រកួតនាខែមីនា ខាងមុខនេះ។

ជាមួយគ្នានោះ លោក កែវ សារ៉េត អគ្គលេខាធិការ FFC ក៏បានប្រកាសពន្យារពេលនៃ សិក្ខាសាលាស្តីពី «វគ្គបណ្តុះបណ្តាលមន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍ប្រកួត» ដែលគ្រោងធ្វើឡើង នាថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ។

ដោយឡែកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញសេចក្តីប្រកាស ព័ត៌មានមួយដែរ ដោយផ្អាក «ទិវារត់ប្រណាំងកម្សាន្តស្ត្រី និងកីឡា ដែល NOCC និងក្រសួង ទេសចរណ៍គ្រោងនឹងរៀបចំទិវានេះ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។ សេចក្តី ប្រកាសនេះបានជម្រាបជូនដល់កីឡាករ កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រ ទាំងអស់ថា ទិវាកី ឡាទេសចរណ៍រត់ប្រណាំងកម្សាន្តស្ត្រី និងកីឡា លើកទី២ ឆ្នាំ២០២១ ត្រូវបានផ្អាកដោយ សារជំងឺកូវីដ-១៩ នៅមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងមានការរីករាលដាលខ្លាំងក្នុង តំបន់ និងពិភពលោកនៅឡើយ ដូច្នេះ ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កីឡាករ កីឡាការិនីទាំងអស់ និងអនុវត្តន៍តាមសេចក្តីណែនាំរបស់រាជ រដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។ គណៈកម្មាធិការជាតិអូឡាំ ពិកម្ពុជា និងក្រសួងទេសចរណ៍ស្នើដល់កីឡាករ កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំង អស់មានការយោគយល់ និងចូលរួមតាមសភាពការណ៍ជាក់ស្តែង។

ចំពោះសហព័ន្ធកីឡាហុកគីកម្ពុជា ដែលគ្រោងរៀបចំការប្រកួតកីឡាហុកគីជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក៏បានប្រកាសជូនដំណឹងស្តីពីការផ្អាកការប្រកួតនេះជា បណ្តោះអាសន្នដូចគ្នាផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ជាមួយគ្នានោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលគ្រោងនឹងរៀបចំមហា សន្និបាតរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានលើកពេលជាបណ្តោះអាសន្ន ខណៈកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ប្រចាំសប្តាហ៍ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ក៏ត្រូវបានផ្អាក សកម្មភាពប្រជុំជាបណ្តោះអាសន្នដូចគ្នាផងដែរ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register