សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យរថយន្តកម្លាំងប្រដាប់អាវុធទាំងអស់ ដែលដឹកជញ្ជូនពលករចេញពីព្រំដែនកម្ពុជា-ថៃ និងមណ្ឌលចត្តាឡីស័ក ត្រូវមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាព

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាជាក្រកម្ពុជា ដាក់បទបញ្ជាឱ្យរថយន្តកម្លាំងប្រដាប់អាវុធទាំងអស់ ដែលដឹកជញ្ជូនពលករចេញពីព្រំដែនកម្ពុជា-ថៃ និងមណ្ឌលចត្តាឡីស័ក ត្រូវមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និងគោរពតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងសារជាសំឡេងនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ជូនឯកឧត្ដម និងលោកជំទាវ ជាអភិបាលខេត្តតាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាបណ្ដាខេត្តដែលនៅក្នុងផ្ទៃប្រទេស និងស្ថាប័នដែលមានការពាក់ព័ន្ធ សម្ដេចតេជោបានបញ្ជាឱ្យអគ្គបញ្ជាការ ក៏ដូចជាបញ្ជាការជើងគោក និងក្រសួងការពារជាតិ បញ្ចេញរថយន្តដើម្បីទៅដឹកបងប្អូនទៅកាន់គោលដៅតាមខេត្ត។ សម្តេចតេជោបន្តថា អគ្គស្នងការនគរបាលជាតិ បើអាចធ្វើទៅបាន ក៏ត្រូវរួមចំណែកប្រើប្រាស់នៅកម្លាំង ដើម្បីជួយដឹកជញ្ជូនក្នុងមួយរយៈពេលខ្លី ព្រោះថាចំនួនមនុស្សនេះ នៅពេលដែលចប់ប្រតិបត្តិការ នៃការដឹកជញ្ជូននៅតាមមណ្ឌលចត្តាឡីស័ក យើងត្រូវដកកម្លាំងធំចេញ ហើយត្រៀមមួយចំនួនតូចសម្រាប់ការដឹកពួកគាត់បន្តទៀត។

សម្ដេចតេជោគូសបញ្ជាក់ថា សម្រាប់ថ្ងៃនេះអ្នកដែលមកពីប្រទេសថៃ មិនចាំបាច់ដឹកចូលទៅក្នុងមណ្ឌលចត្តាឡីស័កនោះទេ រថយន្តកងទ័ពដែលនៅតាមព្រំដែនកម្ពុជា-ថៃស្រាប់ ត្រូវដឹកពួកគាត់ទៅកាន់ខេត្តខាងក្រោយតែម្ដង។ សម្រាប់អ្នកដែលនៅក្នុងមណ្ឌលចត្តាឡីស័កត្រូវរង់ចាំដឹកនៅព្រឹកស្អែក។ សម្ដេចតេជោលើកឡើងថា នៅក្នុងការធ្វើដំណើររបស់ពួកគាត់ ត្រូវតែធានាឱ្យបានថា ពួកគាត់បានទទួលទានអាហាររួចហើយ និងផ្គត់ផ្គង់ស្បៀងអាហារបន្ថែម ដូចជា មី និងទឹកសុទ្ធ ឬអ្វីផ្សេងទៀត ដើម្បីឱ្យពួកគាត់ធ្វើដំណើរមានអាហារតាមខ្លួន។ បានសេចក្ដីថា ឱ្យពួកគាត់ទទួលទានអាហារពេលព្រឹក ឬក៏ទទួលទានអាហារពេលថ្ងៃត្រង់ មុននឹងពួកគាត់ចេញដំណើរ ព្រោះមិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនក្នុងពេលយប់ទេ គឺសុំថាឱ្យដឹកពេលព្រឹក ឬពេលថ្ងៃត្រង់។ 

សម្ដេចតេជោថ្លែងបន្ថែមថា ក្នុងការធ្វើដំណើរទៀតសោត កម្លាំងដឹកជញ្ជូនត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាពរបស់ពួគាត់ឱ្យបានហ្មត់ចត់ជាទីបំផុត ចៀសវាងការធ្វេសប្រហែសណាមួយ ដែលបង្កជាបញ្ហា ជាពិសេសគឺស្នើឱ្យរថយន្តនីមួយៗកុំដាក់មនុស្សច្រើនពេក ដើម្បីចៀសវាងនូវភាពកកកុញ ដែលវាមិនស្របទៅតាមគម្លាតសុវត្ថិភាព ដែលកំណត់ដោយក្រសួងសុខាភិបាលនោះទេ ក៏ប៉ុន្តែយើងក៏មិនមែនក្នុងមួយរថយន្តដឹកតែមនុស្ស ៤ ឬ៥នាក់នោះដែរ អាចដឹកច្រើនជាងនេះ ក៏ប៉ុន្តែមិនអាចប្រជ្រៀតគ្នាបាននោះដែរ។ 

ជុំវិញការដឹកជញ្ជូនពលករពីព្រំដែននេះដែរ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «យើងមិនបោះបង់ចោលការធ្វើចត្តាឡីស័កនោះទេ ក៏ប៉ុន្តែយើងប្រែពីការធ្វើចត្តាឡីស័កនៅតាមព្រំដែនទាំងអស់ ដែលទ្រង់ទ្រាយធំ មកធ្វើចត្តាឡីស័កនៅតាមភូមិ ឃុំ ស្រុក ខេត្តរបស់ពួកគាត់នៅខាងក្រោយវិញ ហើយនឹងបន្តធ្វើចត្តាឡីស័កសម្រាប់អ្នកដែលចូលមកដល់មានអាការៈមិនប្រក្រតី ត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែន»។ ដូច្នេះខេត្តដែលនៅតាមព្រំដែនទាំងអស់នៅតែមានការទទួលខុសត្រូវ ទទួលយកអ្នកដែលមានភាពមិនប្រក្រតី បន្តធ្វើចត្តាឡីស័កនៅទីនោះ ក្នុងពេលដែលយកសំណាករបស់ពួគាត់មកធ្វើការពិនិត្យផងដែរ ពេលឃើញអវិជ្ជមានហើយចាំបញ្ជូនគាត់ត្រឡប់ក្រោយវិញ។ ឯសម្រាប់អ្នកដែលមានស្ថានភាពល្អប្រសើរ ទាំងអ្នកដែលនៅក្នុងមជ្ឈមណ្ឌលចត្តាឡីស័ក ទាំងអ្នកមកដល់ថ្មី គឺត្រូវបញ្ជូនពួកគាត់ចូលមកក្នុងផ្ទៃប្រទេសតាមរថយន្តកងទ័ព ឬរថយន្តនគរបាល គឺមិនអនុញ្ញាតឱ្យមានការធ្វើដំណើរដោយរថយន្តឯកជន ឬរថយន្តតាក់ស៊ីនោះទេ ហើយបណ្ដាខេត្តខាងក្រោយប្រញាប់បញ្ជូនតំណាងរបស់ខ្លួនទៅកាន់មជ្ឈមណ្ឌលចត្តាឡីស័កនៅខេត្តខាងមុខ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទទួលយកពលរដ្ឋ ដែលស្ថិតនៅក្នុងក្របខណ្ឌទទួលខុសត្រូវរបស់ខ្លួនត្រឡប់មកខាងក្រោយវិញ ដើម្បីចៀសវាងការគេចវេះនៅតាមផ្លូវ។ 

សម្ដេចតេជោគូសបញ្ជាក់ថា នេះជាការណែនាំបន្ថែម ដើម្បីផ្ដោតការយកចិត្តទុកដាក់ ទៅលើសណ្ដាប់ធ្នាប់ របៀបរៀបរយ ការរក្សាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង៕ 

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register