សម្ដេចប្រធានរដ្ឋសភាអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសមេត្តាគោរពនូវរាល់វិធាន ដែលក្រសួងសុខាភិបាល បានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ –សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំង​ប្រទេសមេត្តាគោរព និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់នូវរាល់វិធាន ដែលក្រសួង សុខាភិ​បាល​បានដាក់ចេញ ដើម្បីចូលរួមការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដ៏កាច​​សាហាវនេះ គឺត្រូវការជាចាំបាច់នូវការចូលរួមរបស់យើងគ្រប់ៗគ្នា។ ការអំពាវនាវរបស់​សម្ដេច​ប្រធានរដ្ឋសភានេះ ធ្វើឡើង តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្ដេច នារសៀល​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញដល់ជនរួមជាតិចូលរួមទប់ស្កាត់​ជំងឺ​កូវីដ-១៩ទាំងអស់គ្នា ពីព្រោះ ពេលនេះ ជាពេលដ៏សំខាន់ណាស់ ដែលយើងត្រូវការពារខ្លួន​យើង គ្រួសារ និងសហគមន៍យើងកុំឱ្យឆ្លងកូវីដ-១៩។ សម្ដេចប្រធានបានបញ្ជាក់ថា “ក្នុង​នាម ​ជាតំណាងរាស្រ្ត និងជាប្រធានស្ថាប័ននីតិប្បញ្ញត្តិមួយ ខ្ញុំមានការព្រួយបារម្ភ ជាខ្លាំង​ចំពោះ​សុខុមាលភាពប្រជាពលរដ្ឋ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងសហគមន៍នា​ពេល​នេះ។ ខ្ញុំបានតាមដានពីការវិវឌ្ឍនៃស្ថានការណ៍ជំងឺនេះ​​​ ដោយយកចិត្តទុកដាក់បំផុត ហើយ​បានសង្កេតឃើញថា បើទោះ បីចំនួនអ្នកវិជ្ជមានដែលរកឃើញស្ថិតនៅក្នុងអត្រាខ្ពស់ក៏ដោយ តែសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងប្រែង របស់រាជរដ្ឋាភិបាល ក្រសួង​ ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល អាជ្ញាធរដែនដី ដែលបានដាក់ចេញវិធាន ការទាន់ពេលវេលា ក្នុងការគ្រប់គ្រងនិងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេល វេលា​ដោយមិនគិតថ្ងៃយប់នោះឡើយ។”

សម្ដេចប្រធានក៏បានជម្រាបជូនផងដែរថា រដ្ឋសភាទើបតែបានអនុម័តសេចក្តី​ព្រាង​ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ​ និង​ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពី ថ្ងៃទី០៥ ខែមីនា កន្លងទៅនេះ ហើយ​សង្ឃឹមថា សេចក្តីព្រាងច្បាប់នេះត្រូវឆ្លងព្រឹទ្ធសភាក្នុងពេលឆាប់ៗនេះ ដើម្បី រាជរដ្ឋាភិបាល​យកទៅអនុវត្តន៍ជាឯកសារគតិយុត្តនៅក្នុងការឆ្លើយតប ទប់ស្កាត់ការពារសុខុមាលភាព​ប្រជា​ពលរដ្ឋកាន់តែមានលក្ខណៈធំទូលំទូលាយ គ្រប់ជ្រុងជ្រោយថែមទៀត។

 សម្ដេចប្រធានរដ្ឋ​សភា​បានថ្លែងថា សេចក្តីព្រាងច្បាប់នេះ បានផ្តល់លទ្ធភាព បង្កើត​បានជាមូលដ្ឋាន​មួយ​ដ៏សំខាន់ ដើម្បីបង្កើនភាពជាម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការ​ប្រយុទ្ធ​ទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នូវការឆ្លងរាលដាលនៃជំងឺផ្សេងផ្សេងៗទៀត មិនថាតែកូវីដ-១៩ នោះផងទេ៕

ដោយ៖ រិទ្ធី

You do not have permission to write comment on this post.

Log in Register