អ្នកនាំពាក្យក្រសួងសុខាភិបាល៖ វ៉ាក់សាំតែមួយមុខ មិនមែនជាមធ្យោបាយក្នុងការ ទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩នោះទេ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ — លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២នេះថា វ៉ាក់សាំងតែមួយមុខ មិនមែនជាមធ្យោបាយក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩នោះទេ ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏មិនត្រូវ«ជិះសេះលែងដៃដែរ» ពីព្រោះលទ្ធភាពនៃការចម្លងនៅតែមាន។

លោជំទាវរដ្ឋលេខាធិការ ថ្លែងថា   វ៉ាក់សាំង គឺជាឧបករណ៍មួយ បន្ថែមទៅលើវិធានការ៣ការពារ និង៣កុំ ហើយនិងតម្រូវការនៃការធ្វើចត្តាឡីស័ក។ វ៉ាក់សាំតែមួយមុខ មិនមែនជាមធ្យោបាយក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩នោះទេ វាជាមធ្យោបាយមួយបន្ថែម ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏មិនត្រូវ«ជិះសេះលែងដៃដែរ» ពីព្រោះលទ្ធភាពនៃការចម្លងនូវតែមាន។ លោកជំទាវបានអះអាងថា គ្រាន់តែថាសិរីរាង្គរបស់អ្នកដែលចាក់វ៉ាក់សាំងហើយ មានកងការពារសម្រាប់វ៉ៃបកជាមួយនឹងវីរុសកូវីដ-១៩ ហើយវាមិនធ្វើឱ្យសុខភាពរបស់យើងទ្រុឌទ្រោមរហូតទៅដល់បាត់បង់ជីវិត។

លោកជំទាវបានលើកឡើងថា អ្វីដែលគេបានសិក្សា និងសង្កេតឃើញចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួចនេះ គឺកាត់បន្ថយបានជាអតិប្បរិមា នូវអាត្រាដែលចូលសម្រាកពេទ្យ ដែលវាជួយទៅដល់ការកាត់បន្ថយនូវបន្ទុកធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។ លោកជំទាវអ្នកនាំពាក្យក៏បានមានប្រសាន៍ឱ្យដឹង អំពីការសិក្សាប្រសិទ្ធភាព នៃវ៉ាក់សាំងប្រភេទស៊ីណូហ្វាមថា  បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក កំពុងតែមានវឌ្ឍនភាពល្អ នៅក្នុងការពិនិត្យពិចៃទៅលើបេក្ខភាពវ៉ាក់សាំងស៊ីណូហ្វាម ហើយយើងរង់ចាំមើលនៅពេលខាងមុខនេះ តើវ៉ាក់សាំងស៊ីណូហ្វាមនេះ អាចមានការដាក់បញ្ចូលនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកដែរឬទេ។ តែអ្វីដែលជាការពិនិត្យពិចៃ គឺមិនមានបញ្ហាអ្វីនោះទេមកដល់ពេលនេះ ព្រោះជាទូទៅវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមកដល់ពេលនេះ គេបានប្រើប្រាស់រាប់លានដូសហើយនៅលើសកលលោកនេះ។ ដោយគេមិនទាន់សង្កេតឃើញថា វ៉ាក់សាំងស៊ីណូហ្វាមនេះបានបង្កឱ្យមានប្រតិកម្មធ្ងន់ធ្ងរទៅលើមនុស្សគឺនៅឡើយទេ។ លោកជំទាវបានគូសបញ្ជាក់ថា ការទិញវ៉ាក់សាំងនាពេលបច្ចុប្បន្ន គឺដណ្ដើមគ្នាទិញ ហើយឥឡូវក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមគ្នាជាមួយក្រសួងសុខាភិបាល កំពុងខិតខំធ្វើម៉េចដើម្បីចរចាជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងណាដែលលក់ឱ្យយើងបាន យើងនឹងទិញវ៉ាក់សាំងនោះ ដើម្បីយកមកប្រើប្រាស់។ប៉ន្តែយើងក៏ត្រូវគិតផងដែរអំពីលក្ខខណ្ឌដែលអាចប្រើប្រាស់បានក្នុងស្ថានភាពសមស្របនៅក្នុងប្រទេសរបស់យើងផងដែរ។ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលក៏បានឱ្យដឹងទៀតថា សម្រាប់ផែនការក្នុងការចាក់វ៉ាក់សាំងរបស់កម្ពុជា គឺមានចំនួនរហូតដល់១០លាននាក់ ដើម្បីឱ្យប្រជាជនយើងមានភាពសាំទៅក្នុងសហគមន៍។

បើយោងតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទិ១៤ ខែមីនា ឆ្នាំ២០២១នេះថា អ្នកបានចាក់វ៉ាក់សាំងរួចមានចំនួន ១៧០ ៦៥៩នាក់ (ស្រី ៥៧ ៤៣០នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១៨ ៤២៧នាក់ (ស្រី ៧ ៦១៣នាក់)៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register