អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំឱ្យចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល HTPs

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ – ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវសេចក្តីណែនាំស្ដីពី ការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីណែនាំរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់ថា ដោយពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ផលិតផល អេចឈ៍ ធី ភី (HIPs) បារីអេឡិចត្រូនិក (Electronic Nicotine Delivery System-EDNS) និងអេចឈ៍ ធី ភី (HTPs-Heated Tobacco Producte) ជាផលិតផលថ្នាំជក់ថ្មី ដែលត្រូវបានគេផលិតឡើង ដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេស ទាក់ទាញឱ្យមានការប្រើប្រាស់ក្នុងចំណោមយុវវ័យ។ បារីអេឡិចត្រូនិច និងអេចឈ៍ ធី ភី ត្រូវបានគេប្រើប្រាស់ តាមរយៈឧបករណ៍ម្យ៉ាងដែលប្រើថ្មពិលបង្កើតថាមពលកំដៅក្នុងការបំលែងអង្គធាតុ ដែលដាក់ចូលឧបករណ៍នោះឱ្យទៅជាចំហាយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា ឆ្លើយតបនឹងបញ្ហាខាងលើ និងដោយមានការអនុញ្ញាត និងការណែនាំពីរាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមធ្វើការណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដូចខាងក្រោម ៖

ទី១-បន្ថែមលើការពង្រឹងការអនុវត្តសេចក្តីណែនាំ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការចាត់វិធានការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងការធ្វើអាជីវកម្មផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូត និងរឹបអូសយកផលិតផលទាំងនោះមករក្សាទុក។ ការដកហូត និង រឹបអូសយកផលិតផល អេចឈ៍ ធី ភី (HTPs) មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម ស្របច្បាប់ផ្សេងទៀតជាដាច់ខាត។

ទី២-ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល អេចឈ៍ ធី ភី (HTPs) តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ នាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ។

និងទី៣-គ្រប់ក្រសួង -ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើរបាយការណ៍ពីលទ្ធផលនៃការអនុវត្តខ្លឹមសារសេចក្តីណែនាំនេះ មកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើការបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានលើកឡើងថា គ្រប់ក្រសួង-ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី -ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវចាត់ចែងដឹកនាំអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

You do not have permission to write comment on this post.

Log in Register