រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ការចាក់ផ្សាយកម្មវិធីបង្រៀនពីថ្នាក់ទី១ ដល់ទី១២ តាមប៉ុស្តិ៍ទូរទស្សន៍ ទទក ២ បង្កើនអត្រាសិស្សរៀនច្រើន និងផ្តល់ឱកាសដល់សិស្សក្រីក្រ នៅតាមជនបទ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ — ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាបាន​វាយ​តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអប់រំ និងក្រសួងព័ត៌មាន ការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិច​ត្រូនិក E-Learning» តាមទូរទស្សន៍​ជាតិ​កម្ពុជា ទទក ២ និង App ក្រសួងព័ត៌មាន ដែល​នាំ​​មក​នូវលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ការចាក់ផ្សាយកម្មវិធីបង្រៀនពីថ្នាក់ទី១ ដល់​ទី១២ តាមប៉ុស្តិ៍ទូរទស្សន៍ ទទក ២ ឬ TVK2  បានបង្កើនអត្រាសិស្សរៀនច្រើន និងផ្តល់ឱកាស​ដល់សិស្ស​ក្រីក្រ នៅតាមជនបទ ឱ្យទទួលបានការអប់រំ។ ការលើកឡើងរបស់ឯកឧត្ដម​រដ្ឋមន្រ្ដី​ក្រសួងអប់រំ យុវជន និងកីឡានេះ ក្នុងពិធីប្រគល់បរិក្ខារប្រព័ន្ធផ្កាយរណបតេជោ DTV ចំនួន៥០ ឈុតជូនដល់គ្រឹះស្ថាន បណ្ដុះបណ្ដាលគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ដ រាជធានី ក្នុងការតាមដានកម្មវិធីផ្សាយ ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធ​អេឡិច​ត្រូនិក នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន បានគូសបញ្ជាក់ថា ការថតកម្មវិធី​បង្រៀន​ពីថ្នាក់ទី១ ដល់ទី១២ និងបានចាក់​ផ្សាយតាមទូរទស្សន៍ទទក ២ ឬ TVK2  នេះ បានបង្កើន​អត្រាសិស្សរៀនច្រើន ដោយសារកន្លងមក សិស្សរៀនតាមការ​ផ្សាយ​ក្នុងប្រព័ន្ធ Facebook, YouTube និងតាមប្រពន្ធ័ E-Learning របស់ក្រសួង អប់រំ យុវជន និងកីឡា។ ប៉ុន្តែសិស្សនៅ​តាមទីជនបទ មិនបានទទួលការបង្រៀននេះ បានគ្រប់គ្រាន់នោះទេ។ ឯកឧត្ដមបានចាត់ទុក ប៉ុស្តិ៍ ទទក ២ នេះ គឺបានផ្តល់ឱកាសដល់សិស្សក្រីក្រ នៅតាមជនបទ ទទួលបានការអប់រំ តាម​រយៈការផ្សព្វផ្សាយនៅគ្រប់ទីកន្លែង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើក​ឡើងថា សម្រាប់ការ​បង្រៀនតាមទូរទស្សន៍នេះដែរ ក៏ជាឱកាសមួយសម្រាប់គ្រូ នៅតាម​ជន​បទ បើកមើលពី​ការ​បង្រៀនរបស់គ្រូល្អៗ និងមានទេពកោសល្យ ហើយធ្វើការកែលម្អពីវិធី​សាស្ត្របង្រៀន​ដោយ​ខ្លួនឯង បានដោយមិនចាំបាច់អញ្ជើញគាត់មកចូលរួម​សិក្ខាសាលា​នៅភ្នំពេញ ហើយ​មិន​បាច់ចំណាយថវិកានោះទេ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ជំងឺកូវីដ-១៩ បង្កើតជាបញ្ហា ប៉ុន្តែក្រសួងអប់រំ និងក្រសួងព័ត៌មាន បានសហការគ្នាប្រែក្លាយវិបត្តិនេះ ឱ្យក្លាយជាកាលានុវត្ត​ភាព ឬជាឱកាសដ៏ល្អ ដើម្បីធ្វើការកែលម្អនូវកិច្ចការងារបង្រៀន ដោយ​ផ្ទាល់ មករៀនតាមទូរ​ទស្សន៍ និងទូរស័ព្ទដៃវិញ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា តាមរយៈកម្មវិធីនេះ ក្រសួងអប់រំ នឹងបន្តធ្វើ​ការ​កែលម្អការបង្រៀនពីចម្ងាយនេះបានកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យសិស្សទទួល​បានផល​ល្អ ជាពិសេសសិស្សក្រីក្រ ព្រោះពីមុនអត់មានលុយ មិនអាចទៅរៀនគួរបាននោះទេ។ ប៉ុន្តែ​ឥឡូវមិនបាច់ទៅរៀនគួរ និងកាត់បន្ថយការចំណាយរបស់សិស្សថែមទៀតផង តាមរយៈ​ការ​រៀនពីចម្ងាយដោយមើលទូរទស្សន៍ និងទូរស័ព្ទដៃតែម្តង។ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏​បាន​អរគុណ ចំពោះ តេជោ DTV ដែលបានផ្តល់នូវសម្ភារ បរិក្ខារទាំងអស់នេះ ដល់ក្រសួងអប់រំ ដើម្បី​ជូនទៅតាមបណ្តា​មន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ ខេត្ត រាជធានី និងតាមគ្រឹះដ្ឋាន​បណ្តុះបណ្តាលគ្រូ ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានមានប្រសាសន៍ថា បន្ទាប់ពី​មានកិច្ច​សហការគ្នា រវាងក្រសួង ព័ត៌មាន និង ក្រសួងអប់រំ កម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» ត្រូវបានចាក់ផ្សាយ​នៅប៉ុស្តិ៍​ទូរ​ទស្សន៍ថ្មី ទទក ២ ឬ TVK2 ផ្សាយតាមប្រព័ន្ធផ្កាយរណបតេជោ DTV តាមរយៈ App ក្រសួង​ព័ត៌មាន និងតាមបណ្តាខ្សែកាបរាជធានី ខេត្តជាច្រើន រហូតមក​ដល់ពេលនេះ មាន​រយៈ​ពេលជិត ២០ ថ្ងៃហើយ។ ឯកឧត្ដមបានបន្ដថា ប៉ុស្តិ៍ទូរទស្សន៍ ទទក ២ នេះបាន​បង្កើត​ឡើង​ដោយមិនបានចំណាយថវិការដ្ឋនោះទេ ហើយក៏មិនមានការជ្រើសរើសមន្រ្តីថ្មី មក​ធ្វើការដែរ ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបែងចែកធ្វើ​ការងារពីរពេល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា តាមរយៈកិច្ចការងារនេះដែរ ទូរទស្សន៍​ជាតិកម្ពុជា ក៏បាន​គ្រោងរៀបចំបង្កើតជាស្ទូតយោថ្មីបន្ថែមទៀត ដូច្នេះបើខាងក្រសួង អប់រំ យុវជន និងកីឡា ចង់ថតពីការបង្រៀនឱ្យបានកាន់តែល្អ និងមានគុណភាពខ្ពស់ជាងនេះ គឺក្រសួងព័ត៌មាន និង​ធ្វើកិច្ចសហការក្នុងការថត ចាក់ផ្សាយ។ ឯកឧត្ដមរដ្ឋមន្រ្តីបាន​កោត​សរសើរ ចំពោះទេព​កោសល្យ ដ៏ពូកែរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀងដោយគ្មានសិស្ស ថតផ្សាយ​តាមទូរទស្សន៍ ហើយទទួលការគាំទ្រពីសិស្សានុសិស្សយ៉ាងច្រើនថែមទៀតផង។

ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានជម្រាបជូនដែរថា នៅពេលសាលារៀន បើកឱ្យសិស្ស​ចូលរៀនវិញក៏ដោយ តែប៉ុស្តិ៍ ទទក ២ នេះ នៅតែចាក់ផ្សាយកម្មវិធីអប់រំផ្សេងៗបន្ថែមទៀត ហើយក៏នៅធ្វើកិច្ចសហការជាមួយ ក្រសួង អប់រំ យុវជននិងកីឡា ដដែល។ 

បើតាមការបញ្ជាក់របស់ឯកឧត្ដម បាន ភុត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុម ហ៊ុន Cambodia DTV Network Limited ប្រចាំកម្ពុជា បានធ្វើបទបង្ហាញទាក់ទងប្រព័ន្ធផ្កាយ រណប តេជោ DTV នៅ​កម្ពុជា ដោយផ្សាយនៅប៉ុស្តិ៍ ២២ និងប៉ុស្តិ៍ ៣២ កម្មវិធីបង្រៀនពីចម្ងាយ ដែលអាចឱ្យ​ប្រជា​ពលរដ្ឋ ដែលប្រើប្រាស់ប្រព័ន្ធនេះ បើកមើលបាននៅទូទាំងប្រទេស ដោយ​ឥតគិតថ្លៃ។ ឯកឧត្ដមបានបន្ដថា ការផ្ដល់ប្រព័ន្ធផ្កាយរណបតេជោ DTV ចំនួន៥០ ឈុត សម្រាប់​បើកទស្សនាប៉ុស្តិ៍ ទូរទស្សន៍ ទទក២ ឬ TVK2 ដែលចាក់ផ្សាយកម្មវិធីបង្រៀនពីចម្ងាយ និងសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិកនេះ គឺជាអំណោយរបស់ ក្រុមហ៊ុន Cambodia DTV Network Limited ដែលផ្តល់ជូនដល់ គ្រឹះស្ថាន បណ្តុះបណ្តាល គ្រូ និងមន្ទីរអប់រំ យុវជន និង​កីឡាខេត្ត រាជធានី។ 

          សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងទាំងពីរ ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយ កម្មវិធី «ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក E-Learning» លើប្រព័ន្ធទូរទស្សន៍​ជាតិ​កម្ពុជា និង App ក្រសួងព័ត៌មាន ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សទទួលបានការសិក្សា និងបង្រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ខណៈពេលដែលសិស្ស​មិន​បាន​ទៅរៀននៅសាសារៀន​ដោយសារតែវិបត្ដិជំងឺកូវីដ-១៩៕ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម​ សុវណ្ណារ៉ា

Credit: http://akp.gov.kh/kh/post/detail/31042

You do not have permission to write comment on this post.

Log in Register