ខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជូនដល់មន្រ្តីជួរមុខ ដែលប្រឈមនឹងហានិភ័យឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះវិហារ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត អញ្ជើញក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca ការពារជំងឺកូវីដ១៩ ដូសទី៣ ជាដូសជំរុញ ដល់មន្រ្តីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរជួរមុខក្នុងខេត្តព្រះវិហារ កាលពីរសៀលថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីចំណុះរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូប នៅសាលាខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា «អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានទទួលវ៉ាក់សាំង Astra Zeneca ពីក្រសួងសុខាភិបាលចំនួន ៦,២០០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខ ដូសទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩។

ឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង  Astra Zeneca សម្រាប់ចាក់ដូសទី៣បន្ថែម ជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួនយើងប្រឆាំងជំងឺកូវីដ១៩ ជូនដល់មន្ត្រីជួរមុខ រួមមាន លោកគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងជួរមុខ នៅក្នុងខេត្តទាំង៧ ជាប់ព្រំដែនថៃ។

ឯកឧត្តមបន្តថា កន្លងមក ខេត្តបានចាក់វ៉ាក់សាំងជូនកងកម្លាំងទាំង៣ មន្ត្រីរាជាការ ទូទាំងខេត្តចំនួន ២ដូសរួចរាល់ហើយៗ ក៏បានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានទាំង៨ ក្រុង-ស្រុក គឺប្រជាពលរដ្ឋ ១០០ភាគរយ ក្នុងនោះក្រុងព្រះវិហារ ស្រុករវៀង និងស្រុកជាំក្សាន្ត កំពុងបន្តចាក់ដូសទី២ ចំណែកស្រុកគូលែន ស្រុកសង្គមថ្មី ស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ កំពុងចាក់វ៉ាក់សាំង Jonhson និង Jonhson ហើយវ៉ាក់សាំងនេះចាក់ចំនួន១ដូសតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់គ្រប់ចំនួនប្រជាពលរដ្ឋទាំងអស់ទេ គឺបានប្រមាណ ៧០ភាគរយ តែប៉ុណ្ណោះ ដូច្នេះប្រជាពលរដ្ឋខេត្តព្រះវិហារជិតទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាហើយ និងត្រៀមចាក់វ៉ាក់សាំងជូនកុមារអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំបន្តទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ កម្លាំងសមត្ថកិច្ចនិងមន្ត្រីស៊ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្តនិងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្មបំផុតគ្រប់សកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាកាតព្វកិច្ចនិងតួនាទីទាំងអស់គ្នា ដែលជាអ្នកបម្រើរាស្ត្រ គឺមិនត្រូវគេចវេសពីការងារនិងភារកិច្ចឡើយ ៕

ដោយ ទិត ស្រ៊

You do not have permission to write comment on this post.

Log in Register