អាជ្ញាធរខេត្តសៀមរាប និងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញដោយមាន ការរៀបចំ សណ្តាប់ធ្នាប់ឱ្យបានល្អ និងការរក្សាគម្លាតសុវត្តិភាព

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ ព្រមទាំងសិក្សាមើលផ្សារលើធំថ្មីនៅខេត្ត សៀមរាប ក្នុងគោលបំណងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប នឹងចាប់ផ្តើមសាក​ល្បង​​បើកផ្សារលើឡើងវិញនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែចាំបាច់ត្រូវរៀបចំសណ្តាប់ធ្នាប់ និងវិធានការមួយចំនួន ដើម្បីបង្កាឆ្លងមេរោគកូវីដ១៩។ ចំពោះវិធានការទាំងនោះ រួមាន  ដូចជា សម្រាប់អ្នកលក់ជុំវិញផ្សារលើដែលមានប្រមាណជា៨០០នាក់ គឺត្រូវលក់ដូរប្តូរ​វេន​គ្នាក្នុងមួយសប្តាហ៍ម្តង ដោយមានការរក្សាគម្លាត ហើយសម្រាប់អ្នកមិនទាន់ដល់វេន អាច​ទៅលក់នៅកន្លែងលក់បណ្តោះអាសន្ននៅផ្លូវ៦០ម៉ែត្រ ជិតផ្សារកុងទីន័របាន។ ដូច្នេះ បង ប្អូនអាចលក់ដូរបានរហូតគ្រាន់តែថា លក់នៅផ្សារលើមួយសប្តាហ៍ ត្រូវប្តូរទៅលក់នៅ ផ្លូវ ៦០ម៉ែត្រ មួយប្តាហ៍។ ដោយឡែកចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាច លក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ន្ធជុំវិញ។

ឯកឧត្តមអភិបាលខេត្ដបានបន្តថា ការបើកផ្សារឡើងវិញវាមិនពិបាកទេ ប៉ុន្តែអ្វី​ដែល​​អាជ្ញាធរចង់បាននោះ គឺចង់ឱ្យអ្នកលក់ និងអ្នកទិញមានសុវត្ថិភាព។ ឯកឧត្តមថា បើ សិនជាការបើកសាកល្បងនេះ អាជីវករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ធ្វើឱ្យផ្សារ នេះមានភាពស្មុកស្មាញ និងប្រឈមការឆ្លងកូវីដច្រើនអាជ្ញាធរនឹងបិទផ្សារនេះបន្តទៀត។

ឯកឧត្តមអភិបាលខេត្តគូសបញ្ជាក់ថា ផ្សារលើនេះ នឹងបើកឡើងវិញឆាប់ៗនេះ គឺ​ក្នុងរយៈពេលពីរទៅបីថ្ងៃទៀត ដោយទុកពេលឱ្យអាជ្ញាធរក្រុងរៀបចំសណ្តាប់ធ្នាប់សិន ហើយការបើកផ្សារនេះ មិនមែនមានន័យថា ការឆ្លងកូវីដ១៩មានការថយចុះនោះទេ គឺចង់​ឱ្យបងប្អូនអាចរកចំណូលសម្រាប់ជីវភាពក្នុងគ្រួសារ ហើយអ្វីដែលចាំបាច់បំផុតនោះបង​ប្អូនត្រូវអនុវត្តន៍ វិធានការសុខាភិបាលឱ្យបានល្អ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register