អភិបាលខេត្តសៀមរាបលើកឡើងថា ការឆ្លងជំងឺកូវីដ១៩ប្រភេទ Delta​ក្នុងខេត្តសៀមរាប កាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យពួ្រយបារម្ភ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ — នៅក្នុងឱកាសចុះពិនិត្យមើលផ្សារលើធំថ្មី នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានថ្លែងប្រាប់អ្នកសាព័ត៌​មាន​ឱ្យដឹងថា  ការឆ្លងជំងឺកូវីដ១៩ប្រភេទ Delta នៅក្នុងខេត្តសៀមរាប គឺកាន់តែកើនឡើង ពី​មួយថ្ងៃទៅមួយថ្ងៃគួរឱ្យពួ្រយបារម្ភ ដូច្នេះវិធានការនៃការទប់ស្កាត់នៅពេលនេះ មានតែស្នើ​សុំការសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប បើមិនចាំបាច់​សូម​កុំចេញពីផ្ទះ ក្នុងករណីចាំបាច់បំផុតត្រូវចេញពីផ្ទះ(ទៅពេទ្យ ទៅធ្វើការ ទៅលក់ដូរ..)។ ឯកឧត្ដមអភិបាលខេត្ដក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តន៍​ដាច់​ខាតនូវការពាក់ម៉ាស់ រក្សាគម្លាត លាងដៃឱ្យបានជាប់លាប់រាល់ពេលប៉ះជាមួយ​សម្ភារ​ផ្សេង ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ១៩ ប្រភេទ Delta ដ៏កាចសាហាវនេះ។

ឯកឧត្តមបានបញ្ជាក់ថា រហូតមកថ្ងៃទី០៩ខែសីហាឆ្នាំ២០២១នេះ នៅក្នុងខេត្ត​សៀមរាប​មានអ្នកឆ្លង ជំងឺកូវីដ១៩ប្រភេទ Delta នេះ តាមរយៈការតួលេខជាបន្តបន្ទាប់ពី​ក្រសួង​សុខាភិបាល គឺមានប្រមាណជា ៦២ ទៅ៨០នាក់ហើយ។ អ្នកឆ្លងទាំងនេះ មានមួយ​ចំនួនជាពលករមកពីប្រទេសក្រៅ និងមួយចំនួនជាអ្នកនៅក្នុងសហគមន៍នៃស្រុកមួយ​ចំនួន​របស់ខេត្តសៀមរាប។ ឯកឧត្តមអភិបាលខេត្ដក៏បានទទូចសុំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួម​អនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការំ ពារ ៣កុំ ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩ទាំងអស់គ្នា ។ ព្រោះថា ជំងឺ​កូវីដ១៩ប្រភេទ Delta នេះ ឆ្លងលឿន ពិបាកព្យាបាល អត្រាការស្លាប់ក៏លឿន។

សូមបញ្ជាក់ថា ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃទី០៨​ខែសីហា​ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៥ ៤០១ នាក់, បាន ព្យាបាលជាសះស្បើយចំនួន ២ ៩៦៥ នាក់, ស្លាប់ ៦២នាក់ និង ២ ៣៧៥ នាក់ កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និង វិក្រឹតការខេត្ត, វិទ្យាល័យអង្គរ , វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register