ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យផ្អាកការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZenecaដូសទី៣ សម្រាប់អ្នកដែលបានចាក់AstraZenecaចំនួន២ដូសរួចហើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១​ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និង លោកឧកញ៉ា អ្នកឧកញ៉ាមួយចំនួន ផ្អាកការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZenecaដូសទី៣ សម្រាប់អ្នកដែលបានចាក់ AstraZenecaចំនួន២ដូសរួចហើយ។

ក្នុងសារជាសំឡេងនារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ថ្មីៗប៉ុន្មានថ្ងៃ នេះមានសំណូមពរជាច្រើន ឬក៏ថាមួយចំនួន ពីសំណាក់ឯកឧត្ដម លោកជំទាវ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca   ស្នើសុំចាក់វ៉ាក់សាំង AstraZenecaដូសទី៣។ បញ្ហានេះ ដើម្បីចៀសវាងការលំបាក ខ្ញុំសូមបញ្ជាក់ថាមានបញ្ហាពីរ ដែលយើងមិនទាន់អាចផ្ដល់ជូនបាន ហើយសូមឱ្យបញ្ឈប់ការស្នើសុំជាបន្តទៀតពីសំណាក់ស្ថាប័ន ឬអ្នកដែលចង់ស្នើ។ សម្ដេចតេជោបានគូសបញ្ជាក់ថា  «ចំណុចទីមួយ យើងមិនទាន់បានសិក្សាអំពីគម្លាតរវាងដូសទី១ ទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZenecaនោះទេ។ យើងបានសិក្សាតែគម្លាតរបស់ វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់តែប៉ុណ្ណោះ ដែលយើងអាចផ្ដល់វ៉ាក់សាំង AstraZeneca សម្រាប់ការចាក់ដូសទី៣ ឬក៏ជាដូសជំរុញ។ ប៉ុន្តែសម្រាប់ផ្នែកចាក់ដូស AstraZenecaវិញ គឺមានន័យថា យើងអត់ទាន់បានសិក្សាពីគម្លាតរវាងដូសទី១ ដូសទី២ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលខ្លួនឯង ក៏មិនទាន់បានកំណត់អំពីការចាក់សម្រាប់ធ្វើជាដូសជំរុញនេះផងដែរ»។ « ចំណុចទីពីរ យើងពុំមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីដំណើរការចាក់នោះទេ យើងចាក់ជូនបានត្រឹមតែមន្ត្រីជួរមុខ ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាមតែប៉ុណ្ណោះ ហើយចំនួននេះវាក៏មិនទាន់នឹងគ្រប់គ្រាន់នោះដែរ ដែលខ្ញុំកំពុងតែបញ្ជាឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការធ្វើលទ្ធកម្មវ៉ាក់សាំង ដើម្បីស្វះស្វែងរកនូវការទិញវ៉ាក់សាំង AstraZeneca យកមកចាក់ជូនបងប្អូនដែលបានចាក់ AstraZeneca ដែលបានចាក់រួចមកហើយនេះ»។

សម្ដេចតេជោបន្តថា មានសំណូមពរខ្លះទៀត អ្នកចាក់ដូសទី១ដែលមិនទាន់បានចាក់ បែរជាឃើញពេលដែលវ៉ាក់សាំង AstraZeneca បានមកដល់ បែរជាសុំចាក់ AstraZeneca ដោយមិនគិតទៅដល់ការលំបាករបស់រដ្ឋ ដែលកំពុងតែខ្វះវ៉ាក់សាំង។ សម្ដេចតេជោ បានអំពាវនាវចំពោះ ឯកឧត្ដម លោកជំទាវ លោកឧកញា អ្នកឧកញ៉ា អស់លោក លោកស្រី  សម្រាប់ការចាក់ដូសទី៣ គឺសូមឱ្យផ្អាកការដាក់សំណើស្នើសុំគឺផ្អាក លុះត្រាតែមានការសិក្សាហ្មត់ចត់អំពីគម្លាតរវាង ដូសទី១ ដូសទី២ និងដូសទី៣ ហើយមានវ៉ាក់សាំង ទើបអាចឈានទៅដល់ការចាក់ជូន អ្នកដែលបានចាក់ដូសទី១ ដូសទី២ នៃវ៉ាក់សាំង AstraZeneca។ សម្ដេចតេជោបានលើកឡើងថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយបែរជាមកស្នើសុំចាក់វ៉ាក់សាំង AstraZeneca គឺមិនផ្ដល់ជូននោះទេ ដោយសារយើងមានតម្រូវការចាក់ដូសទី៣ សម្រាប់ឱ្យកម្លាំងជួរមុខរបស់យើង ដែលកំពុងពង្រាយទៅចាក់ជូនខេត្តចំនួន៧ កាលពីថ្ងៃអាទិត្យកន្លងទៅ និងកំពុងបែងចែកទៅបណ្ដាខេត្តដទៃទៀត បូកនឹងការបញ្ជូនទៅឱ្យកងទ័ព ដែលចាក់ឱ្យទាំងកងទ័ព ចាក់ឱ្យទាំងកម្លាំងនគរបាលដែលនៅជាមួយ ចាក់ឱ្យទាំងអតីតយុទ្ធជន និងអ្នកកីឡាដែលត្រូវចូលប្រកួតស៊ីហ្គេម ដែលមុននេះចាក់ស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ក៏មានច្រើនម៉ឺននាក់រួចមកហើយ។ ដូច្នេះយើងមិនមានលទ្ធភាព នៅក្នុងពេលនេះដើម្បីរកវ៉ាក់សាំង AstraZeneca ជូនចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកឧកញ៉ា តាមសំណើស្នើសុំនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្ថែមថា  ដូច្នេះដោយសារតែមើលឃើញថា មានចលនាបែបនេះ ខ្ញុំសូមអង្វរក សូមឱ្យរៀបចំខ្លួនទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល និងការរៀបចំដែលដឹកនាំដោយខ្ញុំផ្ទាល់ នៅក្នុងការលៈទេសៈដ៏លំបាកនេះ។ សង្ឃឹមថា ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា អស់លោក លោកស្រី  ដែលបានចាក់វ៉ាក់សាំង AstraZeneca ចំនួន២ដូសរួចមកហើយ សូមរង់ចាំឱ្យមានការសិក្សា និងសូមរង់ចាំឱ្យ វ៉ាក់សាំង AstraZeneca បានមកដល់លើកក្រោយ។ ព្រោះវ៉ាក់សាំង AstraZeneca ដែលចក្រភពអង់គ្លេសផ្ដល់មកឱ្យយើងនេះ គឺអស់សុពលភាពត្រឹមខែកញ្ញានេះតែម្ដង របស់ជប៉ុន ក៏មិនមានសុពលភាពរយៈពេលវែងដែរ ព្រោះវ៉ាក់សាំង AstraZeneca មានសុពលភាពត្រឹមតែរយៈពេល៦ខែតែប៉ុណ្ណោះ។ ដូច្នេះគឺសង្ឃឹមថា បងប្អូន ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា អស់លោក លោកស្រី មេត្តាយោគយល់ចំពោះការលំបាក ដែលយើងកំពុងតែឆ្លងកាត់ទាំងអស់គ្នានេះ៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register