សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងប្រគល់សម្ភារប្រើប្រាស់ចំនួន២០០កញ្ចប់ ជូនដល់គណៈកម្មការវីរុសកូវីដ-១៩ខេត្តដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ព្រៃវែង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២១នេះបានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អញ្ជើញនាំយកសម្ភារប្រើប្រាស់(ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល) ប្រគល់ជូនដល់គណៈកម្មការវីរុសកូវីដ-១៩ខេត្តព្រៃវែង ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩ ដែលពិធីនេះរៀបចំនៅបរិវេណសាលាខេត្ត។ 

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មការវីរុស (COVID-19) ខេត្ត សូមថ្លែងអំណរអរគុណ បំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន ជាប្រធានកិត្តិយសសាខា បានឧបត្ថម្ភនូវសម្ភារប្រើប្រាស់ទាំងអស់នេះដល់ គណៈកម្មការវីរុស (COVID-19) ខេត្ត សម្រាប់ផ្ដល់ជូន ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩នៅតាមមណ្ឌលព្យាបាលក្នុងខេត្តព្រៃវែងនេះ។ 

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុក្ខដាក់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន  កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងរដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការវីរុស (COVID-19) ខេត្ត ដើម្បីទំនុបបម្រុងដល់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែសម្រាកព្យាបាលនូវជំងឺកូវីដ-១៩ទាំងអស់នេះ៕

ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ AKP-ព្រៃវែង

You do not have permission to write comment on this post.

Log in Register