ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី “Delta” នៅតាមផ្ទះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១–ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី «Delta» កុំឱ្យឆ្លងខ្លាំង ក្រសួងសុខាភិបាលបានប្រកាស មិនអនុញ្ញាតឱ្យមានការព្យាបាលអ្នកដែលឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីនេះ នៅតាមផ្ទះនោះទេ។ 

យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ចេញផ្សាយនៅថ្ងៃ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ​ត្រូវនឹងថ្ងៃចន្ទទី០៩ ខែសីហា ឆ្នាំ២០២១ បានឱ្យប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត  លោក លោកស្រី ទទួលបន្ទុកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅថ្នាក់ជាតិ និងរាជធានី-ខេត្ត ទាំងអស់ថា លក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) (បានបញ្ជាក់ដោយមន្ទីរពិសោធន៍ ក្នុងករណីសង្ស័យ) ។

ឯកឧត្តម បានបន្តថា ការធ្វើបែបនេះយោងតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក។

ឯកឧត្តមបញ្ជាក់ថា« សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជ្រាបថា យោងតាមការចាំបាច់ ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាមទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំងការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ។ ដោយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។ 

ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃគណៈកម្មការអន្តរក្រសួង« គ.អ.ក. » បានកំណត់នូវលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់ឱ្យអនុវត្តន៍នៅតាមរាជធានី-ខេត្តទាំងអស់ ដូចមានជូនភ្ជាប់មកជាមួយ។

សួមជម្រាបថា មួយរយៈពេលកន្លងមកនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីដែលតា មានជាង៣០០ករណីហើយ ក្នុងនោះភាគីច្រើនរកឃើញលើពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ៕

ដោយ អ៊ាង ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register