អាជ្ញាធររាជធានីភ្នំពេញ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវម៉ៅសេទុង ក្នុងខណ្ឌទួលគោក

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ — អាជ្ញាធររាជធានីភ្នំពេញ បើទោះបីជាមមាញឹកក្នុងការទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ(ដែលតា) ក៏ពិតមែន ក៏ការរៀបចំសណ្ដាប់ ធ្នាប់ធ្វើឱ្យរាជធានីភ្នំពេញមានរបៀបរៀបរយល្អ និងបរិស្ថានស្អាតនោះ រដ្ឋបាលរាជ ធានីភ្នំពេញ នៅតែប្រឹងប្រែងរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ដើម្បីឱ្យរាជធានីមានសោភណ ភាព ស័ក្តិសមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១  លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅ លើផ្លូវម៉ៅសេទុង នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឯក ឃុនដឿន  អភិបាលខណ្ឌទួលគោក  និងប្រធានការិយាល័យ ចរាចរណ៍ជើងគោករាជ ធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត ដោយចាប់ផ្ដើមចេញពីគល់ ស្ពានអាកាសតិចណូ តាមបណ្តោយផ្លូវម៉ៅសេទុងរហូតទៅដល់មហោស្រពចេនឡា។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ចំពោះអាជ្ញាធរខណ្ឌ ការរៀបចំសណ្តាប់ ធ្នាប់ត្រូវធ្វើឡើងជាប្រចាំ ហើយនៅក្នុងមូលដ្ឋានរបស់ខ្លួន តែសម្រាប់អាជ្ញាធររាជធានីភ្នំពេញ គឺគ្រាន់តែចុះពិនិត្យមើលម្ដងៗតែប៉ុណ្ណោះ គឺដើម្បីពង្រឹងការអនុវត្តនៃការរៀបចំសណ្ដាប់ធ្នាប់ នៅតាមខណ្ឌនីមួយៗឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ទាំងសណ្តាប់ធ្នាប់ និងបរិស្ថាន។

លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា សណ្ដាប់ធ្នាប់នៅតាមបណ្ដោយ ផ្លូវម៉ៅសេទុងនេះ មានលក្ខណៈល្អប្រសើរមួយកម្រិតហើយ ដោយប្រជាពលរដ្ឋមួយ ចំនួនបានយល់ដឹង និងបានចូលរួមជាមួយអាជ្ញាធរយើង។ តែទោះបីជាយ៉ាងណាក្តី ក៏នៅមានបងប្អូនអាជីវករមួយចំនួននៅ តែរំលោភបំពានធ្វើឱ្យបាត់បង់ សណ្ដាប់ធ្នាប់សាធារណៈដែរ ដែលតម្រូវឱ្យអាជ្ញាធរចុះណែនាំពួកគាត់បន្ថែម។

ក្នុងប្រតិបត្តិការនៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជ ធានី ក៏បានធ្វើការណែនាំដល់បងប្អូនអាជីវករដែលជាអ្នកលក់បន្លែ ផ្លែឈើនៅលើផ្លូវ៣៣៤ ក្បែរផ្សារនាគមាសក្នុងសង្កាត់ផ្សារដើមគរទាំងអស់ត្រូវលក់ដូរ ឱ្យមានសណ្តាប់ធ្នាប់ បើមិនអនុវត្តន៍តាមការណែនាំ នៅតែលក់លើចំណីផ្លូវទៀត អាជ្ញាធរនឹងចុះអនុវត្តន៍ជាមួយ នឹងការប្រើវិធានការច្បាប់ ដោយមិនលើកលែងនោះទេ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register