ខេត្តកំពង់ស្ពឺ ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ — រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រមាណជិត១២ម៉ឺននាក់  មកពី ឃុំចំនួនពីរ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដែល ពិធីនេះ ប្រព្រឹត្តទៅនៅមណ្ឌលសុខភាពត្រពាំងគង ក្រោមវត្តមាន ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្រ្តីសុខាភិបាលខេត្តផងដែរ។

នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា “ក្តីសង្ឃឹមរបស់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទទួលបានវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ហើយមិនយូរទៀតទេ ក្មួយៗនឹងបានចូលសាលារៀនវិញ។

ឯកឧត្តមបានសំណូមពរដល់ក្មួយៗ ដែលបានចាក់វ៉ាក់សាំងរួចហើយយ៉ាងណាក្តី ត្រូវតែប្រុងប្រយ័ត្ន ការពារខ្លួនជានិច្ច ជាពិសេសត្រូវអនុវត្តន៍ឱ្យបានដាច់ខាត នូវសេចក្តី​ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល “៣កុំ ៣ការពារ ” និងវិធានការនានា របស់ក្រសួង សុខាភិបាល។

ឯកឧត្តមបានមានប្រសាសន៍បន្តថា កុមារដែលមានអាយុចន្លោះ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំទូទាំងខេត្ត មានចំនួនប្រមាណ១១៥ ១៨៧នាក់ ក្នុងនោះកុមារីមានចំនួន៥៥ ៦២៣នាក់ ដែលត្រូវការវ៉ាក់សាំងប្រមាណជាង២០ម៉ឺនដូស។

ចំពោះដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ពួកគាត់ បានប្រព្រឹត្តទៅ ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១តទៅ ដោយផ្តោតលើគោលដៅទាំង៨ក្រុង ស្រុកហើយ រដ្ឋបាលខេត្តបានបង្កើត១២ទីតាំង សម្រាប់ចាក់វ៉ាក់សាំងឱ្យក្មួយៗក្នុងនោះរួមមាន៖ ក្រុងច្បារ មន ចាក់នៅមន្ទីរពេទ្យបង្អែកខេត្ត ស្រុកសំរោងទងចាក់នៅមណ្ឌលសុខភាព ត្រពាំងគង ស្រុកគងពិសី ចាក់នៅមន្ទីរពេទ្យបង្អែកគងពិសី ស្រុកបសេដ្ឋចាក់នៅ មណ្ឌលសុខភាព បសេដ្ឋ ស្រុកភ្នំស្រួចចាក់នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ស្រុកថ្ពងចាក់នៅសាលាបឋម សិក្សាកងខេមរភូមិន្ទ ស្រុកឧដុង្គចាក់នៅមន្ទីរបង្អែកឧដុង្គ និងមណ្ឌលសុខភាពក្សេមក្សាន្ត ត្រាចទង និងស្រុកឱរ៉ាល់ក្មួយៗអាចទៅចាក់នៅ មណ្ឌសុខភាពជាស៊ីមឱរ៉ាល់ និងសាលាបឋមសិក្សាបន្ទាយប្រណាក៕

ដោយ លឹម សាន្

You do not have permission to write comment on this post.

Log in Register