ប្រធានមន្ទីរកសិកម្មខេត្តកំពត៖ ថ្វីត្បិតដែនសមត្ថកិច្ចខេត្តកំពតមានវិសាលភាពធំធេង ប៉ុន្តែដែនកោះនៅក្នុងលម្ហសមុទ្រ ពុំសូវមានច្រើនប៉ុន្មានទេ

Please log in or register to like posts.
ព័ត៌មាន

AKP កំពត ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ — លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បាន ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថា ថ្វីត្បិត ដែនសមត្ថកិច្ចខេត្តកំពត មានវិសាលភាពធំធេង ប៉ុន្តែដែនកោះនៅក្នុងលម្ហសមុទ្រខេត្តកំពត ពុំសូវមានច្រើនប៉ុន្មានទេ។

លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននៅតាមដែនកោះដូចជាកោះសេះដែល ជាកោះលាត សន្ធឹងធំជាងគេក្នុងចំណោមកោះទាំងអស់ ត្រូវបានអង្គការជាដៃគូ កំពុងធ្វើការអភិវឌ្ឍ ជាបណ្តើរៗហើយ។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងដែរថា ក្នុងដែនសមុទ្រខេត្តកំពតមានកោះចំនួន៣រួមមាន៖ ១-កោះសេះ ដែលជាកោះធំជាងគេ, ២-កោះគី និងទី៣-កោះត្រងោល ឬហៅថ្មប៉ប្រាសទឹក ព្រោះកោះត្រងោលនេះពុំមានស្មៅដុះ ឬដុះដើមឈើ នោះឡើយ គឺគ្របដណ្តប់ដោយថ្មនៅលើផ្ទៃកោះទាំងមូលតែម្តង។

លោកបានបញ្ជាក់ថា ក្រៅពីកោះចំនួន៣នៅក្នុងលម្ហសមុទ្រ យើងក៏មានរាប់បញ្ចូល កោះ២ផ្សេងទៀត ដែលនៅជាប់មាត់ពាមនៃឆ្នេរសមុទ្រខេត្តកំពត ដូចជាកោះស្មៅ និងកោះធំ ហើយកោះស្មៅដែលស្ថិតមាត់ឆ្នេរ ក៏ត្រូវបានធ្វើការអភិរក្សដោយបណ្តុះនិងដាំដើម កោងកាងជាច្រើនឆ្នាំមកហើយដែរ។

សូមបញ្ជាក់ផងដែរថា បើទោះជាក្នុងដែនសមុទ្រខេត្តកំពត មានកោះតិចជាង ដែនសមុទ្រខេត្តកែប ប៉ុន្តែបើយើងក្រឡេកមើលទិដ្ឋភាពទូទៅនៃកោះនីមួយៗ យើងពិតជា មានអារម្មណ៍ស្រស់ស្រាយ ដោយសារយើងបានគយគន់ទេសភាពពីចម្ងាយនៃប្រជុំកោះ ដែលផុសនៅលើផ្ទៃទឹកសមុទ្រដ៏ល្វឹងល្វើយដាច់កន្ទុយភ្នែក។ ជាងនេះទៅទៀត ជារៀងរាល់ថ្ងៃគេតែងតែឃើញក្រុមអ្នកទេសចរជិះទូកលម្ហែកម្សាន្ត ដើម្បីគយគន់ទេសភាព និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅតាមដែនកោះនៃសមុទ្រខេត្តកំពតផងដែរ៕

ដោយ ប្រាក់ លាង

You do not have permission to write comment on this post.

Log in Register