ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមផ្ទះចំនួន១៣១គ្រួសារ នៅក្រុងសិរីសោភ័ណ ទទួលបាន​អំណោយស្បៀងអាហាររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ — ប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ នៅសង្កាត់អូរអំបិល​​,ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ បានទទួលអំណោយជាស្បៀង អាហារ​របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅកំពុងជួប លំបាក​​​ត្រូវបានបិទខ្ទប់ដោយសារការរាតត្បាតជំងឺកូវីដ១៩។

ស្បៀងអាហារនេះត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​រួមជា មួយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធបាន​នាំយកទៅចែកជូន​ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ។

ក្នុងឱកាសនោះ អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល ត្រូវធ្វើចត្តាឡីស័កតាមផ្ទះត្រូវមានការអត់ធ្មត់ ស្តាប់តាមការណែនាំរបស់អាជ្ញាធរដែនដី ហើយប្រសិនបើមិនចាំបាច់សូមប្រជាពលរដ្ឋកុំចេញក្រៅផ្ទះឱ្យសោះ។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាយើងទទួលរងគ្រោះនៃការរីករាលនៃជំងឺកូវីដ១៩ ត្រូវបានបិទខ្ទប់មិនអនុញ្ញាតឱ្យចេញចូលពីផ្ទះ ជាការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល ​សម្តេចតែងតែគិតគូរពីសុខទុក្ខលំបាក របស់ ប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែងទាំងអស់ ហើយបានជំរុញឱ្យក្រុមការងារគ្រប់ ជាន់ថ្នាក់ចុះចែកស្បៀងអាហារជាបន្ទាន់ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់អាហារបរិភោគនោះទេ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយោគយល់ ចូលរួមសហការជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ផ្តាច់ ឫស គល់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។

ឯកឧត្តមក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនទាំងអស់ដែល កំពុងធ្វើ ចត្តាឡីស័ក សូមចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តន៍ ឱ្យបាននូវវិធានការ ៣ការពារ និង៣កុំ តាមអនុសាសន៍របស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចក្រសួងសុខាភិបាល ក្នុងនោះគឺត្រូវពាក់ម៉ាស ត្រូវឧស្សាហ៍ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតបុគ្គល កុំទៅចូលក្នុងចំណោម មនុស្សច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទគ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕

ដោយឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register