ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌចំការមន ចុះកាយយកអាចម៍ដីចេញពីអាងស្តុកទឹកបឹងត្របែក ដែលគេចាក់ដីរំលោភ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១– ក្រោយទទួលបានបទបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួចមក លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងមន្ត្រីជំនាញ ចុះដាក់គ្រឿងចក្រ កាយយកអាចម៍ដីដែលគេរំលោភ ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក រួចរាល់អស់ហើយខណៈគ្រឿងចក្របាននិងកំពុងធ្វើការស្ថាបនា ផ្លូវទំនប់ខ្នងប្រឡាយព័ទ្ធជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែង និង បានឈួសឆាយដី បើកផ្លូវលេខ៤៩៦ និងផ្លូវ៤៩០ ដោយមានខ្នងទំនប់ព័ទ្ធផ្ទៃបឹងរហូតដល់ផ្លូវ២៧១ ។ 

 បើតាមការបញ្ជាក់ឱ្យដឹងពីលោក ថេង សុថុល នៅថ្ងៃ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១៣ សីហាឆ្នាំ២០២១នេះថា ក្រោយមានបញ្ជាពីឯកឧត្តមអភិបាលក្រុងភ្នំពេញ លោកក៏បានដឹកនាំមន្ត្រីជំនាញខណ្ឌ ចុះមកកាយយកអាចម៍ដីចេញដែលគេលួចចាក់ចូលផ្ទៃអាងស្តុបទឹក និង វាស់វែងបើកផ្លូវចំនួន៣ខ្សែ ក្រោយពីអាជ្ញាធរចុះអនុវត្តន៍វិធានការរដ្ឋបាលរុះរើសំណង់មិនរៀបរយ និងការចាក់ដីរំលោភទន្ទ្រានលើផ្ទៃបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ។ 

 លោក អភិបាលខណ្ឌបានឱ្យដឹងថា ជាក់ស្តែងអាជ្ញាធរបានពិនិត្យឃើញថា មានជនមួយក្រុម បានធ្វើការដឹកជញ្ជូនគ្រឿងចក្រ ដឹកអាចម៍ដីមកចាក់រំលោភយកផ្ទៃអាងស្តុបទឹកបឹងត្របែក ព្រមទាំងមានការសាងសង់សំណង់ផ្សេងៗ រួចបន្លំចាក់ដីពង្រីកបន្ថែមដើម្បីបំភ័ន្តថា ជាដីដែលបានបង្កបង្កើនផល មានការដាំដុះដំណាំផ្សេងៗ ព្រមទាំងមានរោងចិញ្ចឹមសត្វមាន់ ទា ផងដែរ ។ 

   លោកអភិបាលខណ្ឌចំការមនបានបញ្ជាក់ថា ទង្វើទាំងអស់នេះជាការបំពាន និងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះបានរំលោភយកផ្ទៃអាងស្តុបទឹក ដែលជាបឹងធំមួយនៅកណ្តាលរាជធានីភ្នំពេញ។ ក្នុងនាមអាជ្ញាធរដែនដី ក៏ដូចជាមន្ត្រីជំនាញ មិនអនុញ្ញាតឱ្យជនខិលខួចបន្តលួចសាងសង់សំណង និងចាក់ដីរំលោភច្បាប់បែបនេះបានឡើយ ។ ទង្វើរបស់ពួកគេបានរំលោភលើអនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាល លេខ២២១ អនក្រ.បក ស្តីពីការកំណត់ផ្ទៃអាងស្តុបទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។

  ពាក់ព័ន្ធនឹងបញ្ហារំលោភផ្ទៃអាងបឹងត្របែកនេះដែរ អាជ្ញាធរខណ្ឌចំការមន តែងតែចុះធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំឱ្យមានការសាងសង់សំណង់ផ្សេងៗរំលោភលើផ្ទៃបឹង ដែលជាអំពើសុខច្បាប់។ បើទោះបីមានការផ្សព្វផ្សាយបែបនេះក្តី ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួន រឹងទទឹងបន្តរំលាភនិងសងសំណង់  មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវតែចាត់វិធានការរដ្ឋបាលដាច់ខាត ដោយមិនអនុញ្ញាតឱ្យមានការរំលោភលើផ្ទៃអាងស្តុបទឹកបឹងត្របែកនេះទេ ។ ចំពោះអ្នកដែលបានទិញផ្ទៃបឹងត្របែក គឺគ្មានអាជ្ញាធរណាហ៊ានចុះហត្ថលេខាទទួលស្គាល់ឡើយ។ ពិសេសចំពោះការទិញ-លក់ក្នុងទីផ្សារងងឹតដែលគ្មានភាពស្របច្បាប់ សូមបញ្ឈប់កុំប្រថុយព្រោះជាទង្វើល្មើសនឹងច្បាប់ ៕

ដោយសួស សំរិត

You do not have permission to write comment on this post.

Log in Register