ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកវិល ដែលកំពុងធ្វើចត្តាឡីស័ក ទទួលបានស្បៀងអាហារ ពីចៅអធិការវត្តស្វាយរមៀត

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ — ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតមេរោកូវីដ១៩នេះ មានប្រជា ពលរដ្ឋមួយចំនួនបាន និងកំពុងជាប់ធ្វើចត្តាឡីស័ក ដោយមិនអាចចេញទៅធ្វើការ ឬលក់ដូរ បានទេ។ ដោយឃើញពីការលំបាកនេះ ចៅអធិការវត្តស្វាយរមៀត ព្រះតេជគុណ ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជាទីប្រឹក្សាសម្ដេច ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកស្បៀងអាហារមួយចំនួនទៅ ផ្តល់ជូន ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន៧គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី មានសង្ឃដីការថា ពេលដែលពុទ្ធបរិស័ទ សុខសប្បាយ គឺតែងតែជួយជ្រុមជ្រែងដល់ទីវត្តអារាម ទាំងចង្ហាន់ និងការងារអភិវឌ្ឍផ្សេងៗ ពេលនេះពុទ្ធបរិស័ទមានទុក្ខលំបាកព្រះសង្ឃក៏ត្រូវតែជួយទៅដល់ពុទ្ធបរិស័ទវិញ។ ព្រោះពុទ្ធ សាសនា គឺផ្សាភ្ជាប់ និងសង្គម។

ព្រះតេជគុណបន្តថា ស្បៀងអាហារទាំងនេះ គឺបានមកពីប្រជាពុទ្ធបរិស័ទជិតឆ្ងាយ យកមកប្រគេនហើយ ពេលនេះព្រះអង្គបានធ្វើការបែងចែកទៅប្រជាពលរដ្ឋវិញតាមលទ្ឋភាព ដែលព្រះសង្ឃមាន ដើម្បីចែករំលែក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ កាត់បន្ថយការឆ្លងជំងឺឆ្លងកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមក លើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។ ស្បៀងអាហារទាំងនេះ និងជួយកាត់ បន្ថយការលំបាករបស់បងប្អូនបានមួយរយៈដែរ។

ព្រះតេជគុណក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ វិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តន៍ឱ្យបានល្អនូវវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

សូមបញ្ជាក់ថា ស្បៀងអាហារដែលត្រូវយកមកផ្តល់ជូននៅពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស មី២កេស និងទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ទឹកដោះគោ២កំប៉ុង និងថវិកា១០ម៉ឺនរៀល៕

ដោយឃុត សៅ

You do not have permission to write comment on this post.

Log in Register