សម្តេចក្រឡាហោម ស ខេង អះអាងថា ក្នុងខែកក្កដាកន្លងទៅនេះ សមត្ថកិច្ចបង្រ្កាប​​បទ​ល្មើស​គ្រឿងញៀនបាន៣២៩ករណី គឺថយចុះ ៤៨ករណី បើប្រៀបធៀបខែមិថុនា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ — សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើង​ថា  លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងខែកក្កដា ឆ្នាំ២០២១នេះ  សមត្ថកិច្ចបានបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២៩ករណី គឺមានការថយ​ចុះ ៤៨ករណី បើធ្វើការប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០២១។ ការលើកឡើងរបស់​សម្ដេច​ក្រឡាហោមនេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

សម្តេចក្រឡាហោម  ស ខេង បានគូសបញ្ជាក់ថា  បទល្មើសបង្ក្រាបរួមមានៈ ករណី​ជួញដូរ រក្សាទុក ២៤២ករណី, ករណីប្រើប្រាស់ ៨៤ករណី, ករណីសំយោគ កែច្នៃ ១ករណី និងករណីដាំដុះ ២ករណី។ ពាក់ព័ន្ធនឹងករណីខាលើនេះ មានជនសង្ស័យ​សរុប​ចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួន កើន៤៧នាក់ ស្មើនឹង៥,២ភាគរយ បើធៀបនឹងខែមិថុនា ឆ្នាំ២០២១។ ជនសង្ស័យទាំងនោះ ពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុក៥១០នាក់, ករណី​ប្រើប្រាស់គ្រឿងញៀន៣៣១នាក់, ករណីសំយោគ និងកែច្នៃ០៥នាក់ និងករណីដាំដុះ​០៣នាក់។ ចំពោះជនសង្ស័យទាំងនោះ មានខ្មែរ៧៧៦នាក់ និងជនបរទេស៧៣នាក់។

សម្តេចក្រឡាហោម បានបន្ថែមថា  ការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខែកក្កដា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួន២១៩គីឡូក្រាម និង​៤៦០.៧១ក្រាម។ ទន្ទឹមនេះ ថ្វីត្បិតថាការបង្ក្រាបបទល្មើសមានការថយចុះ​បើធៀបនឹង​ខែមិថុនា ប៉ុន្តែ​ចំនួនគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាន មានការកើនឡើងដល់​ទៅ​៧៣គីឡូក្រាម ដែលស្មើនឹងប្រមាណជាង៥០ភាគរយធៀបនឹងខែមុន។

សូមជម្រាបជូនថា សម្រាប់គ្រឿងញៀនទាំងនោះ រួមមានៈ មេតំហ្វេតាមីនក្រាម​ម្សៅ(ICE)​ជាង៥៥​គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ចំនួន១១៣.៣០ក្រាម, អ៊ិចស្តាស៊ី​(MDMA)១០២​គីឡូក្រាម​៣៧៩.៩០ក្រាម, កេតាមីន២១គីឡូក្រាម ២៣៧.៤០ក្រាម, ហេរ៉ូអ៊ីន​៥.១៦​ក្រាម, កាទីណូន៣៩គីឡូក្រាម ៨៥៤ក្រាម ព្រមទាំងសារធាតុគីមីផ្សំ​១ ១២១ គីឡូក្រាម, កញ្ឆាស្រស់ ១ ៥៦៥ ដើម និងកញ្ឆាស្ងួត៣៦គីឡូក្រាម ២២៧ក្រាម៕

ដោយ ចាន់ សុធីវង្ស

You do not have permission to write comment on this post.

Log in Register