គ្រូបង្វឹកចំបាប់អ៊ីរ៉ង់ ទទួលបានរថយន្ត០១គ្រឿង សម្រាប់បំពេញបេសកកម្ម​បង្វឹកដល់ក្រុមជម្រើសជាតិចំបាប់កម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ — លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School និងជាអនុប្រធានសហព័ន្ធ​​កីឡាចំបាប់​កម្ពុជាបានប្រគល់ជូនរថយន្តម៉ាក Prius ០១គ្រឿង ដល់គ្រូបង្វឹកជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi នៅ​ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មបង្វឹកដល់ក្រុម​កីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា។

លោក ខេស៊ី បាណេត មានប្រសាសន៍ថា លោកបានទិញរថយន្តនេះជូនដល់លោក លោក ខេស៊ី បាណេត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក ក្នុងការបំពេញកាតព្វកិច្ចរបស់គាត់ ដើម្បីជួយជំរុញឱ្យ​គុណភាពបច្ចេកទេសក្រុមជម្រើសជាតិចំបាប់កម្ពុជាកាន់តែខ្លាំងក្លា ដើម្បីត្រៀប្រកួតប្រជែងមេដាយ នៅ​ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ និងឆ្ពោះទៅ​ប្រជែង​មេដាយឱ្យបានកាន់តែច្រើន ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈម្ចាស់ផ្ទះ។

លោកចាត់ទុកថា ការនាំយកគ្រូបង្វឹកជនជាតិអ៊ីរ៉ង់រូបនេះ ថ្វីដ្បិតរយៈពេលហ្វឹកហាត់ត្រៀមខ្លីបន្តិច​មែន ប៉ុន្តែក្រុមជម្រើសជាតិចំបាប់មានមូលដ្ឋានគ្រឹះល្អប្រសើរ ហើយក្រុមជម្រើសជាតធ្លាប់ចូលរួម​ប្រកួត​លើឆាកអន្តរជាតិ ដូច្នេះពួកគាត់ក៏មានបទពិសោធន៍ច្រើនផងដែរ។ «យើងត្រូវទទួលស្គាល់ការពិត ដោយ​ការហ្វឹកហាត់២ឆ្នំា វាមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏លោកអនុប្រធានរូបនេះដាក់ក្តីសង្ឃឹមថា ប្រភេទកីឡាចំបាប់កម្ពុជានឹងប្រជែងបានមេដាយជូនជាតិ ពីព្រឹត្តិការណ៍ស៊ីហ្គេម ២លើកចំពោះមុខនេះ ដោយលោកជឿជាក់លើសមត្ថភាព បទពិសោធន៍របស់លោក Komeil Ghasemi ដែលជាម្ចាស់មេដាយ​មាស​អូឡាំពិកហ្គេម ២០១២ នៅទីក្រុងឡុង និងជាម្ចាស់មេដាយសំរឹទ្ធិ អូឡាំពិកហ្គេម ២០១៦ អូឡាំពិកហ្គេម ទីក្រុងរីយ៉ូ រួមទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធអន្តជាតិក្នុងអាស៊ីជាច្រើនទៀត កាលពីលោកនៅ​ជា​កីឡាករ ប្រកួតប្រជែងមេដាយជូនជាតិរបស់គាត់»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក Komeil Ghasemi។

លោក Komeil Ghasemi បានលើកឡើងដែរថា ក្រៅពីការលើកកម្ពស់ជំនាញបច្ចេកទេស លោក​នឹង​ប្រើប្រាស់ចិត្តវិទ្យា ដើម្បីជំរុញឆន្ទៈដល់ក្រុមជម្រើសជាតិឱ្យប្រឹងប្រែងហ្វឹកហាត់ឱ្យបានគត់មត់ ប្រកប​ដោយ​ភាពជឿជាក់ ក្តីសង្ឃឹម ក្នុងការសម្រួចបច្ចេកទេសស្វែងរកមេដាយជូនជាតិពីការប្រកួត​នាពេលខាង​មុខ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register