មេបញ្ជាការយោធភូមិភាគទី៥ ជំរុញកងកម្លាំងជួរមុខព្រំដែនកម្ពុជា-ថៃ បង្កើនការ​​យកចិត្តទុកដាក់ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ — មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ​បានជំរុញដល់​កងកម្លាំងជួរមុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបង្កើនការយកចិត្តទុកដាក់ថែមទៀតក្នុង​ការទប់ស្កាត់ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩បំប្លែងថ្មីដែលតាចូលក្នុងប្រទេសយើងកាន់តែច្រើននោះ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេ បញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចុះ សំណេះសំណាល​សួរសុខទុក្ខនិងចែកអំណោយដល់កងកម្លាំង ដែលកំពុងបំពេញ ភារកិច្ចទប់ស្កាត់ពលករឆ្លង​ដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន ​ ​ បាន​ក្រើនរម្លឹក​ដល់ កងកម្លាំងទាំងអស់ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញប្រតិបត្តិការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី​ដែលតា ​ នៅតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាអនុវត្តន៍ឱ្យបានដាច់ខាតនូវវិធានការ ៣កុំ ៣ការពារ ដើម្បីធានាបានសុខសុវត្ថិភាព។

ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥បានបន្តថា នេះគឺជាបេសកកម្មដ៏ពិសេស ដែលថ្នាក់លើប្រគល់ជូន ជាពិសេសគឺបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានការព្រួយបារម្ភខ្លាំងចំពោះការឆ្លង​រីករាលដាលនៃជំងឺដ៏កាចសាហាវនេះ នៅពេលដែលស្ថានភាពពលករខ្មែរដែលបានត្រឡប់​មកពីប្រទេសថៃកាន់តែមានចំនួនច្រើនតាមច្រកព្រំដែនជារៀងរាល់ថ្ងៃ ហើយត្រូវបាន សមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យសុខភាពបងប្អូនតាមច្រកព្រំដែនមុន នឹងបញ្ជូនទៅ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល មុនពេលត្រឡប់ទៅស្រុកកំណើតវិញនោះ។

នៅក្នុងឱកាសនោះ ​មេបញ្ជាការយោធភូមិភាគទី៥ ក៏បានធ្វើការកោតសរសើរ​កងកម្លាំងទាំងអស់ ដែលអនុវត្តន៍ផែនការបានល្អប្រសើរទៅតាមបទបញ្ជារបស់ថ្នាក់លើ។

ជាមួយនោះដែរ ឯកឧត្តម បានផ្តល់អំណោយឧបត្ថម្ភគ្រឿងឧបភោគបរិភោគតាម បណ្តាអង្គភាពសរុបរួមមាន៖ មីចំនួន៦០កេស , ត្រីខ ៨៩កេស , ទឹកសុទ្ធ ៩០០យួរ ,ឧបករណ៍ តេស្តរហ័ស ៣៩០ឈុត ជូនដល់ទិសទី១ ខេត្តបន្ទាយមានជ័យ តាមរយៈលោក ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ជា មេបញ្ជាការទិសទី១ ផងដែរ៕

ដោយឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register