អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ១៩ យើងមិនអាច​បោះ​បង់ចោលវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់នោះទេ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ —

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​បានលើក​ឡើង​ថា  ការអនុវត្តវិធានការសុខាភិបាលមិនអាចចៀសផុតពីវិធានការច្បាប់ ​និងដើម្បី ជំរុញឱ្យការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យមានប្រសិទ្ធភាពថែម ទៀត ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានចេញវិធានការច្បាប់ ក្នុងនោះក៏យើងមិនអាចបោះបង់ចោលវិធានការសុខាភិបាល  វិធានរដ្ឋបាល និងបោះបង់​ចោលវិធានច្បាប់នោះទេ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលនេះ ក្នុង​សន្និសីទសារព័ត៌មាន បន្ទាប់ពីពិធីប្រកាសបើក យុទ្ធនាការជាតិ ក្រោមប្រធានបទ​«រួមគ្នា​ទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺកូវីដ១៩» នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា តាមការសង្កេតឃើញថា នៅក្នុង ឆ្នាំ២០២០ ការអនុវត្តវិធានការសុខាភិបាលច្រើនដោយសារមានការភ្ញាក់រលឹក និងការចូល​រួមពីប្រជាពលរដ្ឋយ៉ាងផុលផុស ហើយស្ថានភាពគ្រប់គ្រងមានការល្អប្រសើរ។ ដូច្នេះ​វិធាន​ការច្បាប់មិនមែនតម្រូវ ការដាក់ចេញវិធានការច្បាប់នៅពេលនោះទេ។ លោកជំទាវបាន​បន្ថែមថា ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះ ទោះបីជាក្រសួងសុខាភិបាលអំពាវនាវយ៉ាងណាក្តី ក៏​ការអនុវត្តរបស់ប្រជាពលរដ្ឋនៅមានភាពខ្វៈចន្លោះ ដោយមានបុគ្គលមួយចំនួនមិន បាន​អនុវត្តន៍វិធានការសុខាភិបាលក៏ដូចជាវិធានការរដ្ឋបាល។ លោកជំទាវបានបញ្ជាក់​បន្ថែម​ថា “ដើម្បីទប់ស្កាត់ការចម្លងនូវជំងឺកូវីដ១៩​ពិសេសមិនចង់ឃើញមហន្តរាយ​សុខភាព​សាធារណៈដែលវានឹងកើតឡើងនៅពេលខាងមុខនេះ បើសិនយើងទាំងអស់គ្នាមិនរួបរួម គ្នាទប់ស្កាត់ទេនោះ យើងនឹងរងគ្រោះ ហើយរងនូវផលលំបាកយូរអង្វែង។ ដូច្នេះវិធាន​ការច្បាប់ត្រូវចាក់ចេញ ហើយដាក់ចេញគឺអនុវត្តន៍”។

លោកជំទាវរដ្ឋលេខាធិការក៏បានក្រើនរម្លឹកដល់បុគ្គលទាំងអស់ ត្រូវអនុវត្តន៍វិធាន ការ​សុខាភិ​បាលដែលបានដាក់ចេញ ហើយបុគ្គលគ្រប់រូបត្រូវតែគោរពសិទ្ធិ​របស់ខ្លួន​គឺមិន​ចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។

ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បាន​ថ្លែងថា ក្នុងរយៈពេលមកនេះរាជរដ្ឋាភិបាលដាក់ចេញវិធានការមួយ​ចំនួនដូចជាវិធាន​ការច្បាប់  វិធានការសុខាភិបាល  វិធានការអប់រំ និងវិធានការរដ្ឋបាល។ ឯកឧត្ដម​បាន​បន្ដ​ថា សម្រាប់ការអនុវត្តវិធានការច្បាប់គឺអនុវត្តន៍រហូត មិនមែនអនុវត្តន៍តែក្នុង​យុទ្ធនាការ​នោះទេ។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា វិធានច្បាប់អនុវត្តន៍ចំពោះជន​គ្រប់រូបដែលល្មើស​នឹងវិធានការសុខាភិបាល  វិធានការរដ្ឋបាល ប៉ុន្តែរាជរដ្ឋាភិបាលប្រកាន់យកវិធានការ​អប់រំ។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់​ផងដែរថា ក្នុងយុទ្ធនា​ការឃាត់ខ្លួនចំពោះការល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល​រយៈពេល១៤​ថ្ងៃ មកនេះសមត្ថកិច្ចបានឃាត់ខ្លូនមនុស្សដែលល្មើសបានជាង ១៩ ០០០ នាក់ ក្នុងនោះបាន​អនុវត្តន៍ការអប់រំ  ការពិន័យជាប្រាក់ និងផ្តន្ទាទោសផងដែរ។ ក្នុងចំណោមមនុស្សជាង​១៩ ០០០ នាក់ ​មានមនុស្សជាង ១៨ ០០០ នាក់ ត្រូវបានអាជ្ញាធរអនុវត្តន៍​វិធានការអប់រំ​ដើម្បី​ផ្តល់​ឱកាសឱ្យគាត់កែប្រែខ្លួន និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​នៅក្នុងប្រទេស​កម្ពុជា។

លោកស្រី Li Ailan តំណាងអង្កការសុខភាពពិភពលោក​ប្រចាំនៅកម្ពុជា​(WHO)​បាន ថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាកំពុងតែប្រសើរឡើង​ក្នុងការទប់ស្កាត់ជំងឺ​កូវីដ១៩ ដោយសារតែរាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ អស់រយៈ​ពេលជាច្រើន ខែមកនេះបានធ្វើឱ្យកម្ពុជាកំពុងតែឈានទៅរកភាពប្រសើរក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ លោកស្រីថ្លែងបន្តថា ស្ថានភាពល្អប្រសើរនេះ ដោយសារតែ​មានការ​ចូលរួម​ពីប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធនិងការដាក់ចេញនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ជំងឺ កូវីដ ១៩ ដូចជាការបើកយុទ្ធនការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ការផ្សព្វ​ផ្សាយដល់​ប្រជា​ពល​រដ្ឋឱ្យយល់ដឹងពីវិធានការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ជាដើម។

លោកស្រីបានបញ្ជាក់ថា “ភស្តុតាងដែលមានបង្ហាញប្រាប់យើងថា ស្ថានភាពជំងឺ កូវីដ១៩នៅកម្ពុជាកំពុងតែប្រសើរឡើងក្រោយពីយើងរួមគ្នាប្រយុទ្ធនឹងជំងឺនេះអស់ជាច្រើនខែកន្លងមកនេះ ដោយខិតខំប្រឹងប្រែងទាំងអស់គ្នាកន្លងមកនេះពាក់ព័ន្ធនឹងជំងឺ សុខភាព សាធារណៈមួយនេះ”។ លោកស្រីបានឱ្យដឹងទៀតថា អង្កការសុខភាពពិភពលោកសូម​កោតសរសើដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលរួមគ្នា ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពិសេស​ការចូលរួមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ ទន្ទឹមនេះ កម្ពុជាជាប្រទេសមួយ​ដែលទទួលបានជោគជ័យបំផុតក្នុងការចាក់ប៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងតំបន់​ប៉ាស្វីហ្វិកខាងលិច។ លោកស្រីបានថ្លែងបន្ថែមថា “យើងដឹងទាំងអស់គ្នាហើយថា វ៉ាក់​សាំងកូវីដ១៩​តែមួយមុខ មិនមែនជាដំណោះស្រាយចប់ដើម្បីបញ្ចប់ការផ្ទុះឆ្លង​រាតត្បាត​នៃជំងឺកូវីដ១៩នោះទេ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តដ៏លំបាក ប៉ុន្តែមានសារៈ​សំខាន់​មួយគឺទប់ស្កាត់ជំងឺកូវីដ១៩”។

តែទោះបីយ៉ាងណាក្តី លោកស្រីតំណាង WHO ក៏បានអះអាងថា ទោះបីមានការ​ប្រសើរក្នុងការ​​ទប់ស្កាត់ជំងឺនេះក៏ដោយ តែយើងត្រូវតែបង្កើនប្រុងប្រយ័ត្នខ្ពស់ដដែល ពិសេសការអនុវត្តវិធានការសុខាភិបាលសាធារណៈ និងវិធានការសង្គម។ បើសិន​យើង​មានការធូររលក់ក្នុងការមិនអនុវត្តវិធានការសុខាភិបាលនោះនឹងធ្វើឱ្យ​ស្ថានភាពវិលមក​វិញ​ជាមិនខាន។ លោកស្រីបន្ថែមទៀតថា ការនាំកម្ពុជាឱ្យរួចផុតពីការឆ្លងជំងឺកូវីដ១៩​គឺស្ថិត​ក្នុងដៃបុគ្គលយើងម្នាក់ៗក្នុងការគោរពអនុវត្តន៍វិធានការសុខាភិបាល និងវិធានការសង្គម៕

ដោយ ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register