រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ការបង្កើតគណៈកម្មការតាមដានវាយតម្លៃនិងលើកសរសើរក្រម​សីលធម៌វិជ្ជាជីវៈសារព័ត៌មាន គឺដើម្បីលើកនូវតម្លៃ សីលធម៌ និងតូនាទីអ្នកសារព័ត៌មាន ឡើងវិញ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ —

ដើម្បីជាការរឆ្លើយតបទៅនឹងការរិះគន់ ចំពោះការដែលក្រសួងព័ត៌មានបង្កើត​គណៈ​កម្មការតាមដានវាយតម្លៃ និងលើកសរសើរក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន កាលពី​ពេល​​កន្លងមកនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូស បញ្ជាក់ថា ក្រសួង​ព័ត៌មានបង្កើតគណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរក្រម​សីលធម៌វិជ្ជាជីវៈ​សារ​ព័ត៌មាន គឺដើម្បីជាការលើកនូវតម្លៃ សីលធម៌ និងតម្លៃតូនាទីក្នុង​សង្គម​របស់​អ្នកសារព័ត៌​មានឡើងវិញ ដើម្បីទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារ​ព័ត៌មាន គឺមានភាពស៊ីជម្រៅ ហើយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យ​គ្រប់​គ្រាន់ និងត្រូវចំណុចនីមួយៗ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដី​ក្រសួងព័ត៌មាននេះ ក្នុងឱកាស នៃកិច្ចប្រជុំ​សាមញ្ញ​ប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន តាមប្រពន្ធ័Zoom និងការចូលរួមប្រជុំ​ផ្ទាល់ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការ​ក្រសួង​ព័ត៌មាន។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងថា អ្នកដែល​ប្រតិកម្ម​​នោះ គឺមិនបានអានខ្លឹមសារ នៃសេចក្តីសម្រេចនោះទេ ហើយក៏មិនបានស្គាល់នូវ​អ្វី​ដែលជាវិជ្ជាជីវៈសារព័ត៌មាន​នោះដែរ។ ឯកឧត្តមបានលើកឡើងថា “គោលការណ៍របស់ក្រសួងព័ត៌មាន គឺវិជ្ជាជីវៈសារ​ព័ត៌​មានជាស្តង់ដារអន្តរជាតិ ដែលអ្នកកាសែត ភាគច្រើននៅទូទាំងពិភព​លោកមានការ​ទទួលស្គាល់។ ដូច្នេះការវាយតម្លៃគឺចំពោះតែអ្នកសរសេរ ដែលត្រឹមត្រូវតាមស្តង់ដារតែ​ប៉ុណ្ណោះ”។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កន្លងមក សមាគមអ្នកកាសែតមួយណា​ដែលត្រូវបានបង្កើតឡើងគឺត្រូវតែមានក្រមសីលធម៌របស់ខ្លួន មានភាពមួយត្រឹមត្រូវ ច្បាស់​លាស់ ទើបក្រសួងព័ត៌មាន ប្រកាសទទួលស្គាល់។ តែទោះជាយ៉ាងណា ឯកឧត្ដម​បា​នបន្ថែមថា “បើទោះបីសមាគម មាន​ក្រមសីលធម៌ ប៉ុន្តែមិនបានឃើញសមាគមអនុវត្តន៍ ក្រមសីលធម៌​ចំពោះសមាជិក​ខ្លួនឯង​នោះទេ ដែលបញ្ហានេះអាចថាមកពីមិនមាន​ពេល​គ្រប់​គ្រាន់ មិនមានធន​ធានមនុស្ស​គ្រប់គ្រាន់ ឬក៏ខ្លាចចិត្តសមាជិកគ្នាឯង”។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទៀតថា នៅប្រទេសគេ ពេលសមាគមអ្នកកាសែត ចេញធ្វើការវាយតម្លៃអំពីក្រមសីលធម៌ កំហុសវិជ្ជាជីវៈនីមួយៗ គឺអ្នកកាសែត គេគោរព​ណាស់ ដោយសារសមាគមគេខ្លំាងរឹងមាំ។ សម្រាប់នៅកម្ពុជា មានសមាគមអ្នក​សារ​ព័ត៌មាន ដល់ទៅជាង ៤០ សមាគម ដូច្នេះមានការខ្លាចគេមិនចូលជាសមាជិកខ្លួន ដែល​មកដល់ឥឡូវនេះ គឺមិនដែលមានសមាគមណាមួយ បានលើកអំពីសមាជិករបស់ខ្លួន​ដែលបានប្រព្រឹត្តខុសក្រមសីលធម៌នោះទេ គឺមានតែកាន់ជើងគ្នា ដែលជាកំហុសធ្វើឱ្យ​តម្លៃអ្នកសារព័ត៌មានមានការធ្លាក់ចុះ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងដែរថា គណៈកម្មការតាមដានវាយតម្លៃ និងលើក​សរ​សើរ​​ក្រមសីលធម៌​វិជ្ជាជីវៈសារព័ត៌មានបានបង្កើតឡើងមិនមែនជ្រើសរើសមន្ត្រី ក្រសួង​ព័ត៌​មាននោះទេ គឺមានការយកនូវសមាជិកសមាគមសារព័ត៌មានមួយចំនួន មករួមគ្នា ធ្វើការ​វាយតម្លៃលើកិច្ចការងារនេះ។ ទន្ទឹមនេះ ក៏មិនមែនវាយតម្លៃគ្រប់អត្ថបទនោះទេ គឺពិនិត្យ​នៅពេលមានបញ្ហា ដោយមានការ​កោះប្រជុំពិនិត្យពិភាក្សាជាមួយគ្នា ដោយមិនមាន​សិទ្ធិដាក់ទោសកំហុសដល់អ្នកសារព័ត៌​មាននោះទេ។

បើតាមឯកឧត្ដម ខៀវ កាញារីទ្ធ “ការបង្កើតគណៈកម្មការនេះ គឺមានតែជួយលើក​តម្កើងវិជ្ជាជីវៈសារព័ត៌មាន លើកតម្កើងតូនាទីសារព័ត៌មាន នៅក្នុងសង្គម និងលើកពី​តម្លៃ​នៃអត្ថបទនីមួយៗរបស់អ្នកសារព័ត៌មាន ដើម្បីជាការកាត់បន្ថយ ការយកវិជ្ជាជីវៈ​សារព័ត៌​មាន ទៅធ្វើជាអាជីព រកស៊ី រកលុយ នោះទេ”៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register